បុណ្យ​ល្ខោន​ខ្មែរ​និង​ការប្រកួត​កីឡា​យុវជន​នឹង​រៀបចំ​នៅ​តំបន់​វិហារ​សួគ៌​

នៅ​ភោជនីយដ្ឋាន​Jet Star​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​បុណ្យ​ល្ខោន​ខ្មែរ និង​ការប្រកួត​កីឡា​យុវជន​»​នៅលើ​ទឹកដី​វិហារ​សួគ៌ ។ បុណ្យ​នោះ​នឹងមាន​ការសម្តែង​សិល្បៈ​ទាំង​បុរាណ និង​សម័យ​ព្រមទាំង​កីឡា ផ្សេងៗ ។​

​សន្និសីទ​សារព័ត៌មាន​នោះ​មាន​វត្តមាន​លោក​ឧកញ៉ា​ស្រី ចាន់ថន លោក​ហួត សុខ​នី​ម ជា​ប្រតិបត្តិ​ករ​នៃ​កម្មវិធី លោក​ស៊ូ ផល្លា ប្រធានការិយាល័យ​ទស្សនីយភាព​ខេត្តកណ្តាល លោក​លី វិសាល និង​លោក​ពៅ វណ្ណា ប្រធានការិយាល័យ​មន្ទី​រ​អប់រំ​ខេត្តកណ្តាល ។​

​លោក​ឧកញ៉ា​ស្រី ចាន់ថន ជា​អ្នករៀបចំ​កម្មវិធី​បុណ្យ​ឱ្យដឹងថា បុណ្យ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០;១១ និង​ទី​១២ ខែមីនា ឆ្នាំ​២០១៧ ដោយ​លោក​ឧកញ៉ា​ជា​អ្នកផ្តល់​ទីតាំង ប្រាក់ ព្រមទាំង​គំនិត​យោបល់​ក្នុង​ការរៀបចំ ។ កម្មវិធី​បុណ្យ​ធ្វើឡើង​ក្នុង​តំបន់​ស្កា​យ​ឡេ​ន ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដោយ​រៀបចំ​ផ្ទាំង ទស្សនីយភាព​ជាច្រើន​ស​ម្រា​ប់​មហាជន​ទស្សនា ក្នុងនោះ​មាន​ល្ខោនបាសាក់ ល្ខោន​យីកេ និង​ល្ខោននិយាយ ។​

​លោក​ឧកញ៉ា​ដែលជា​អ្នកផ្តើមគំនិត និង​ជា​អ្នក​ជួយឧបត្ថម្ភ​រួមជាមួយ​សប្បុរសជន​មួយចំនួនទៀត​បន្តថា​មានការ​ប្រគំ​តន្ត្រី និង​កំប្លែង​ជាដើម​ដោយមាន​តារា ល្បីៗ​ចូលរួម​សម្តែង ។​

​ចំពោះ​ប្រភេទ​កីឡា​មានការ​រៀបចំ​ការប្រកួត​កីឡាប្រដាល់​ក្បាច់គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ដោយមាន​ការគាំទ្រ​ពី​លោក​តែម ម៉ឺន​ប្រធាន​សហ​ព​ន្ឋ័​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​មានការ​គាំទ្រ ចូលរួម​សម្របសម្រួល​រៀបចំ​ដោយ​លោកគ្រូ​មាស សុខ​គ្រី និង​មាន​កីឡាករ​ល្បីៗ​ចូលរួម​វាយ​ដណ្តើម​ខ្សែក្រវាត់ ។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​កម្មវិធី​រៀបចំ​ប្រណាំង​ក្របី ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ទឹកដី​វិហារ​សួគ៌ ការប្រណាំង​ក្របី​ជា​ប្រពៃណី និង​ការបោក​ចំបាប់​ដែលជា​ទំនៀមទម្លាប់​ប្រពៃណី​នៅ​តំបន់​វិហារ​សួគ៌ ។​

​ក្រៅពីនេះ​មានការ​ប្រណាំងសេះ បង្ហោះ​ម៉ូតូ​ដើម្បី​យក​ពានរង្វាន់​ដែលមាន​ប្រកួត​រយៈពេល​៣​ថ្ងៃ ក្នុងន័យ​ឱ្យមាន​កម្មវិធី​ច្រើន ។ កីឡា​យុវជន​មានដូចជា​បាល់ទាត់ ការរត់​ប្រណាំង ការ​លោត​កម្ពស់ និង​ការ​ហក់​ប្រវែង ។​មានការ​បោះតង់​ជំរំ​កំណត់​ពី​ចំនួន​១០០​តង់​ទៅ​២០០​តង់​ដោយ​បង្កើតជា​ក្រុមយុវជន ។​យប់​ឡើង​បង្កើត​កម្មវិធី​ពាក់​ព័​ន្ឋ​នឹង​វិស័យ​ទេសចរណ៍ ការឡើង​និយាយ ការឡើង​សម្តែង និង​និយាយ​ពី​សុវត្ថិភាព​ចរាចរណ៍ និង​បរិស្ថាន​ជាដើម ព្រមទាំង​មានការ​តាំងពិព័រណ៍​។​

​លោក​កែវ សាស្ត្រា ជា​យុវជន​ស្រឡាញ់​វប្បធម៌​ឱ្យដឹងថា កម្មវិធី​ដែល​រៀបចំឡើង​នោះ​រំពឹងថា​នឹង​ទទួលបាន​ផ្លែផ្កា​សម្រាប់​សិល្បៈ​វប្បធម៌ ហើយ​យុវជន​ខ្មែរ​នឹង​នាំគ្នា​ជ្រោង​ឱ្យ​កាន់តែច្រើន​ទៀត ងាក​មក​ស្រឡាញ់ មក​សិក្សា​ស្រាវជ្រាវ​អ្វីដែល​ទាក់ទង​ជាមួយ​វប្បធម៌​ជាតិ ។

​លោក​ហួត សុខ​នី​ម ប្រតិបត្តិ​ករ​នៃ​កម្មវិធី​ចាត់ទុកថា ជា​មោទនភាព​មួយ​សម្រាប់​តំបន់​វិហារ​សួគ៌​ដែលជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ឧ​ត្ត​ម​គតិ​ក្នុងការ​លើកកម្ពស់​វិស័យ​វប្បធម៌ បរិស្ថាន​របស់​ជាតិ ។ ជាពិសេស​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​បាន​ដុតដៃដុតជើង​គ្នា​ក្នុង​គោលបំណង​ដើម្បី​តែ​ទេសចរណ៍ វប្បធម៌​ខ្មែរ បរិស្ថាន​ខ្មែរ​និង​តំបន់​វិហារ​សួគ៌ ដោយមាន​វត្ត​វិហារ​សួគ៌ ជាប់​ប្រវត្តិ​ទាក់ទង​នឹង​រឿង​បក្សី​ចាំ​ក្រុង ។​

​ចំពោះ​ប្រភេទ​កីឡា​លោត​ចំងាយ បុរស​នារី​មាន​៨​ក្រុម កីឡា​លោត​បាវ បុរស​នារី​មាន​៨​ក្រុម កីឡា​រត់​ល្បឿន​បុរស​នារី​មាន​៨​ក្រុម កីឡា​រត់​ចំងាយ​ឆ្លងកាត់​ឧបសគ្គ​ដែលមាន​ក្រុម​អត្តពលកម្ម​ទាំងអស់​ចូលរួម​ចំនួន​២៤​ក្រុម សរុប​ចំនួន​កីឡាករ​ចូលរួម​៣៣៦​នាក់ ក្នុងនោះ​ស្រី​៤៨​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close