ពិភពលោកមានករណីឆ្លងកូវីដ១៩ កើនឡើងជាង ៣១លាននាក់, រុស្ស៊ីព្រមព្រៀងលក់វ៉ាក់សាំង១,២ពាន់លានដូស

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១,៤៦៩,៤៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៦៨,៨៥៨នាក់ និងជាសះស្បើយឡើងវិញ ២៣,០៩២,៨១៨នាក់។

នៅពេលនេះរុស្ស៊ីបានព្រមព្រៀងលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រភេទSputnik V ចំនួន១,២ពាន់លានដូសដល់១០ប្រទេសក្នុងទ្វីបអាស៊ី អាមេរិកខាងត្បូងនិងមជ្ឈិមបូព៌ា។ សកម្មភាពខាងលើនឹងនាំមកឲ្យទីក្រុងមូស្គូនូវតម្លៃនយោបាយនិងសេដ្ឋកិច្ច។
មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ពេលនេះរុស្សុីបានព្រមព្រៀងជាបឋមហើយ ដើម្បីបញ្ជូនបច្ចេកវិទ្យា វ៉ាក់សាំង ទៅកាន់ប្រទេសប្រេស៊ីល ម៉ិចស៊ីកូ អារ៉ាប៊ីសាអ៊ូឌីត និងឥណ្ឌា។ ក្រៅពីនេះទីក្រុងមូស្គូ បានឲ្យដឹងថា កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាជាមួយ១០ប្រទេសដែលមានតម្រូវការទិញវ៉ាក់សាំងពីរុស្ស៊ី។
តាមគម្រោងវ៉ាក់សាំងចំនួន១,២ពាន់លានដូស ប្រភេទSputnik V និងត្រូវផលិតនៅក្រៅប្រទេសរុស្ស៊ី ហើយចែកចាយទៅកាន់ប្រទេសដែលបានបញ្ជាទិញ។ តាមគម្រោងវ៉ាក់សាំង Sputnik V នឹងផ្តល់ទៅឲ្យអតិថិជនឆាប់បំផុតនៅដើមខែវិច្ឆិកា។
វ៉ាក់សាំងSputnik V គឺយកតាមឈ្មោះផ្កាយរណបដំបូងបំផុតលើពិភពលោករបស់សហភាពសូវៀត ដែលបានបាញ់បង្ហោះឡើងទៅកាន់ តារាវិថីផែនដីក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់។ ចំណែកវ៉ាក់សាំងSputnik V ក៏ជាវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោករបស់រុស្ស៊ីផងដែរដែលរដ្ឋាភិបាលបានអនុម័តកាលពីខែសីហាឆ្នាំ២០២០។
តាមគម្រោងរុស្ស៊ីនិងចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋទាំងអស់នៅចុងឆ្នាំ២០២០នេះ ។ ជាមួយគ្នានេះដែរ ចិន ក៏បានសាកល្បងវ៉ាក់សាំងកូវីដ-១៩ដំណាក់កាលចុងក្រោយ ដល់ក្រុម អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។