ប្រព័ន្ធ​សម្ពាធ​ទាប​មួយ នឹង​អូសបន្លាយ​នៅ​ភាគ​ខាងជើង​កម្ពុជា​, ក្រសួង​ស្នើ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ ខែកញ្ញា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​អូសបន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដែល​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

​ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ហើយ​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

​ជាមួយនឹង​ស្ថានភាព​នេះ ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​។​

​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close