ឯកឧត្តម ស៊ុន ចាន់ថុល បើកកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញគឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុតរបស់អង្គប្រជុំ ក្នុងបុព្វហេតុឱ្យការរៀបចំកិច្ចព្រមព្រៀងនេះមានសង្គតភាពទៅនឹងបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានស្អិតរមួតជាមួយភាគីពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការរលូនស្របតាមកាលវិភាគដែលបានគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។