ភ្នំជីសូរ ជាភ្នំប្រវត្តិសាស្ត្រមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជា
ភ្នំជីសូរ ជាភ្នំប្រវត្តិសាស្ត្រ ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ នៅមានរូបរាងប្រសាទបុរាណ ដ៏ស្រស់ស្អាតនៅលើកំពូលភ្នំនេះ។ សម្រាប់អ្នកដែលបានមកដល់ទីនេះគឺ ពិតជាស្ងើចសរសើរ និងដឹងគុណដល់បុព្វការីជនខ្មែរដែល បានកសាងប្រាសាទនៅលើកំពូលភ្នំដ៏ខ្ពស់។

ភ្នំជីសូរ នៅរក្សាបាន រូបរាងប្រាសាទសម្រាប់មនុស្សគ្រប់ជំនាន់មើល ហើយនៅជាប់នឹងប្រាសាទមានសង់វត្ត និងព្រះវិហារពុទ្ធសាសនា។ ពិតជាកម្រណាស់ព្រោះមានភ្នំមួយចំនួន តួប្រាសាទ(ព្រាហ្មញ្ញ សាសនា)ត្រូវបានគេកាយឲ្យរលំដើម្បីរកវត្ថុបុរាណ ហើយសង់ ព្រះវិហារ(ពុទ្ធសាសនា)នៅចំពីលើគ្រឹះប្រាសាទនោះតែម្តង។ កូនចៅកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមីម្ចាស់ទឹក ដី ព្រៃ ភ្នំក្រំថ្មថែរក្សាខេត្តតាកែវ និងបុព្វការីជន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលរក្សាការពារបាននូវប្រាសាទដ៏អស្ចារ្យមួយនេះ។
ភ្នំជីសូរស្ថិតនៅខេត្តតាកែវ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ ប្រមាណ៥០គីឡូម៉ែត្រ (ផ្លូវនៅពិបាកបន្តិច) តែផ្លូវឡានឡើងទៅដល់លើកំពូលភ្នំតែម្តងនឹងត្រូវកសាងដោយចាក់បេតុង នៅពេលក្រោយបុណ្យភ្ជំបិណ្យ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ជាទំព័រប្រវត្តិសាស្ត្រដ៏ថ្មីមួយសម្រាប់ភ្នំនេះ នៅពេលផ្លូវបេតុងត្រូវបានសង់ចប់។ សូមបារមីទឹកដីខេត្តតាកែវជូនបុណ្យ មហាកុសល្យដល់អ្នកកសាងផ្លូវបេតុងនេះឲ្យជួបតែសុខភាពល្អ និងសុភមង្គល ព្រមទាំងសម្រេចគ្រប់ភារកិច្ច។
ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃភ្នំជីសូរនៅខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកនេះឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។