អាជ្ញាធរ ប្រមូល​ទឹក​ស្ដុក​ទុក មិនឱ្យ​ជន់​លិច​រមណីយដ្ឋាន​អង្គរ ករណី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

​ប្រទេស​កម្ពុជា បាន​រង​នូវ​ឥទ្ធិពល​ពី​ព្យុះ​នូ​ល​ចាប់ពី​ថ្ងៃទី​១៨​រហូតដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បណ្ដាលឱ្យ​តំបន់​មួយចំនួន​មាន​​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​តំបន់​ខ្លះ​មាន​ជំនន់​ទឹកភ្លៀង​ទៀតផង​។ ខេត្តសៀមរាប​ក៏​ទទួលរង​ឥទ្ធិពល​នៃ​ព្យុះ​នេះ​ដោយ​ទទួលបាន​នូវ​ទឹកភ្លៀង​ដ៏​ច្រើន​ដែរ​។​

​ដូច្នេះ​ដើម្បី​ទប់​ទល់នឹង​ស្ថានការណ៍​នេះ ក្រុមការងារ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចាត់ចែង​គ្រប់គ្រង​ទឹក​ទាំងនោះ ដើម្បី​បញ្ជៀ​ស​មិនឱ្យ​ជន់​លិច​តំបន់​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ក្រុង​សៀមរាប ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​នូ​ល​។​

​ម្យ៉ាងទៀត ដោយ​រដូវវស្សា​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​យឺតយ៉ាវ​ហើយ​មាន​បរិមាណ​តិចតួច​ធ្វើអោយ​ការប្រមូល​ទឹក​ចូលក្នុង​អាង​ស្តុក​មានការ​លំបាក ហើយក៏​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​សំរាប់​ការផ្គត់ផ្គង់​ទឹក​នៅ​រដូវប្រាំង​ដល់​កិច្ចការ​អភិរក្ស​ប្រាសាទ ទឹកស្អាត​និង​ស្រោចស្រព​កសិកម្មរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ក្នុងន័យនេះ ក្រុម​អ្នកជំនាញ​ទឹក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​អាជ្ញាធរ​ជាតិ​អប្សរា ឆ្លៀតពេល​មាន​ទឹកភ្លៀង​ដ៏​ច្រើន​នេះ បានធ្វើការ​ចាត់ចែង និង​ប្រមូល​ទឹកភ្លៀង​ទាំងនោះ​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ដើម្បី​បញ្ចូនទៅ​រក្សា​ក្នុង​បារាយណ៍​ខាងជើង បារាយណ៍​លលៃ ក​សិន្ធុ​អង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ បារាយណ៍​ខាងលិច ក​សិន្ធុ​ប្រាសាទចៅស្រីវិបុល​និង អាង​ស្តុក​ផ្សេងៗ​ទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close