ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកស្អុយក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវទាំងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ ក៏ដូចជាប្រមូលធាតុចូលបន្ថែម ទាក់ទងនឹងស្ថានភាពផ្លូវថ្នល់នាពេលបច្ចុប្បន្ន នៅក្នុងក្រុងសៀមរាប សម្រាប់ការត្រៀមរៀបចំ ចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅទីក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូ រត់ ហាត់ប្រាណ ដើម្បី បង្ហាពីការចូលរួម លើកកម្ពស់ វិស័យកីឡា បង្កើនសាមគ្គីភាព ព្រមទាំងត្រួតពិនិត្យផ្លូវនៅតាមតំបន់ប្រាសាទអង្គវត្តផងដែរ។

សូមជម្រាបថា កាលពីថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួនពី១០០ ទៅ១៥០ លានដុល្លារអាមេរិក សម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីជួយលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។