សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ ២០៤​គ្រួសារ ក្នុងស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ ២០២០ លោកជំទាវ អ៊ូ ធី​ដា​ពៅ គួច ចំរើន អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រី​សាខា អនុសាខា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ខេត្ត ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ២០៤​គ្រួសារ មកពី​ឃុំ​ព្រៃនប់ ១២​គ្រួសារ ឃុំ​ទួល​ទទឹង ៥៥​គ្រួសារ ឃុំ​អណ្តូង​ថ្ម ៨៧​គ្រួសារ​និង​ឃុំ​សំរុង ៥០​គ្រួសារ ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ អ៊ូ ធី​ដា​ពៅ គួច ចំរើន បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់​ឯកឧត្តម ប្រធានកិត្តិយស​សាខា ឯកឧត្តម​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ជាមួយគ្នា​នោះ លោកជំទាវ សុំ​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជា​នេសាទ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពី​បាតុភូតធម្មជាតិ​ដូចជា ជំនន់​ទឹកភ្លៀង ខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រ​ធំៗ ជាដើម​។ ទន្ទឹមនឹងនេះ លោកជំទាវ​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ទៅលើ​កុមារ​តូចៗ ត្រូវ​ស្លៀក​ខោអាវ​វែង និង​គេង​នៅក្នុង​មុង​ជ្រលក់​ថ្នាំ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក ព្រមទាំង​ចេះ​សម្អាត​អនាម័យ​ជុំវិញខ្លួន និង​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ លើក កម្ពស់ ការផ្លាស់ប្តូ​ទម្លាប់​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​អំណោយ​ដែល​បានផ្ដល់​ជូន​ក្នុង​១​គ្រួសារ​មាន​៖ អង្ករ ២៥ គីឡូ មី ១​កេស ទឹក​ស៊ី​អ៊ី​ុ​វ ១​យួរ ឃី​ត ១​កញ្ចប់​(​ក្រ​ម៉ា​១ សា​រ៉ុង​១ មុង​១ និង​ភួយ​១) និង​ថវិកា​៥ ម៉ឺន​រៀល ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close