ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្ត្រក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម Pablo Chiho Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបានក្នុងវិស័យបរិស្ថាន នាពេលកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំវិទ្យាសាស្ត្រលើវិស័យបរិស្ថាន។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងចំនុចសំខាន់ៗដូចជា
១- កិច្ចសហប្រតិបត្តិការបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រទាក់ទងនឹងវិស័យបរិស្ថាន ។
២- កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវស្ថានភាពប្រព័ន្ធអេកូឡូស៊ីកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាព ។
៣- ទស្សនកិច្ចសិក្សារផ្លាស់ប្តូរបច្ចេកទេស ជំនាញ ការស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ របស់និស្សិតកម្ពុជា និងអូស្ត្រាលី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។