ចិន រកឃើញ​មាន​វីរុស​កូ​វីដ​១៩ នៅលើ​កញ្ចប់​វេច​ខ្ចប់ អាហារ​សមុទ្រ​

​ចិន​៖ សារព័ត៌មាន Channelnewsasia បានចេញ​ផ្សាយ​ថា ថ្មីៗ​នេះ មន្ត្រី​សុខាភិបាល​ចិន​បានប្រកាស​ពី​ការរកឃើញ​វីរុស​កូ​វីដ​១៩​នៅលើ​កញ្ចប់​វេច​ខ្ចប់​ត្រី​មឹក និង​គ្រឿង​សមុទ្រ​ចរាចរណ៍​ក្នុង​ទីផ្សារ​នៃ​ខេត្ត Jilin ហើយ​ទទូច​ដល់​អ្នកទិញ​បង្កើន​ការប្រុងប្រយ័ត្ន​។

ប្រភព​បន្ថែមទៀតថា កញ្ចប់​វេច​ខ្ចប់​នេះ​ត្រូវបាន​នាំចូល​ពី​រុស្ស៊ី ហើយ​អាជ្ញាធរ​ចិន​ក៏​ដាក់ចេញ​បំរាម​នាំចូល​អាហារ​នេះ រយៈពេល​១​ខែ ដើម្បី​តាមដាន​បន្ត​ផងដែរ​។​ ​ប្រភព​បញ្ជាក់ថា កញ្ចប់​ត្រី​មឹក​មួយ​ក្នុងចំណោម​កញ្ចប់​ជាច្រើន គ្មាន​សុវត្ថិភាព និង​មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​។ អ្នកជំនាញ​បានស្នើ​ឱ្យ​អ្នកទិញ និង​អ្នក​បរិភោគ​អាហារ​វេច​ខ្ចប់​នៅក្នុង​ស្រុក រាយការណ៍​ទៅ​ក្រុម​អាជ្ញាធរ និង​ធ្វើ​តេ​ស្តិ៍​រក​វីរុស​។

​យ៉ាងណាក៏ដោយ កាលពី​ខែ​មុន អាជ្ញាធរ​នៅ​ទីក្រុង​ចំនួន​២​នៅ​ចិន​ក៏​ធ្លាប់​និយាយថា​មានការ​រកឃើញ​វីរុស​កូ​វីដ​១៩​នេះ​នៅលើ​ទំនិញ​ជា​អាហារ​ក្លាសេ​ដែល​នាំចូល​។ តែ​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ច្រានចោល​ថា ពុំទាន់​មាន​ភស្តុតាង​ណាមួយ​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​បាន​ឆ្លង​រាលដាល​តាមរយៈ​អាហារ​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close