ការផ្លាស់ប្តូរ​តួនាទី និង​ភារកិច្ច គឺជា​លក្ខខណ្ឌ​ដ៏​ចាំបាច់ ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ

​ភ្នំពេញ​៖ ការផ្លាស់ប្តូរ​តួនាទី និង​ភារកិច្ច​គឺជា​លក្ខខណ្ឌ​ដ៏​ចាំបាច់ ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ ដើម្បី​លើក កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ និង​ការគ្រប់គ្រង​ការងារ​ក្នុង​ស្ថាប័ន​មួយ​” នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​មន្ត្រីរាជការ ដែល​បាន​រៀបចំឡើង​នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​ក្រសួង និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ លោក​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​គិតគូ យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ឯកភាព​តាម​សំណើ​របស់​ក្រសួង​ដើម្បី​តែងតាំង​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​មួយចំនួនទៀត​ក្នុង​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម តាមរយ​:​ការលើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ដឹកនាំ និង​គ្រប់គ្រង​ការងារ​នៅតាម​អង្គភាព​ជំនាញ​នីមួយៗ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

​ឆ្លៀត​យក​ឱកាស​នៃ​ការជួបជុំ​មហា​គ្រួសារ​កសិកម្ម​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើ​ការសាកសួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អង្គពិធី​ិ​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ជាពិសេស​ស្ថានភាព​ជារួម​នៃ​សកម្មភាព​បង្កបង្កើនផល​នៅ​ទូទាំងប្រទេស និង​លទ្ធផល​នៃ​ការអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ស្តីពី “​ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​បង្កើន និង​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​-​កង្កែប​ជា​លក្ខណ​គ្រួសារ​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​សមស្រប សា​ម័​ញ្ញ ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩”​។

​ឆ្លង​ចូល​កម្មវិធី​តែងតាំង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ជូន​អង្គពិធី​ជ្រាប​ច្បាស់​ថា​ការកសាង​ស្ថាប័ន រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព គណនេយ្យភាព និង​តម្លាភាព ទាមទារ​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ធនធានមនុស្ស សំដៅ​លើកកម្ពស់​សមត្ថ​ភាព ការពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ និង​ពង្រឹង​អភិបាលកិច្ច ហើយ​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព គុណធម៌ និង​សីលធម៌ គឺជា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឈានទៅ​ធ្វើការ​ប្រកួតប្រជែង​ជា​លក្ខណ​អន្តរជាតិ ពិសេស​ក្នុងពេលដែល​កម្ពុជា​ឈានឆ្ពោះ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close