យានយន្តជាង ១ពាន់គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១,១៦៣គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៨១២គ្រឿង និងរថយន្ត ៣៥១គ្រឿង។

បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបបញ្ជាក់ថា រយៈពេល១៤៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៧៥,០៧៥គ្រឿង ក្នុងនោះមានម៉ូតូ ១២៩,៦៨១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៥,៣៩៤គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ប្រជែង ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។