ឯកឧត្តម គួច ចំរើន នាំអំណោយពីសប្បុរសជន ជូនដល់អង្គការម្លប់តាប៉ាង

ខេត្តព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយនឹងក្រុមហ៊ុន កាស៊ីណូ Liberty Goddes ( នារីសន្តិភាព) បាននាំយកនូវអំណោយជូនដល់អង្គកាម្លប់តាប៉ាង ដែលស្ថិតនៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គការម្លប់តាប៉ាង ក៏ដូចជាប្អូនៗកុមារកំព្រា អនាថាគ្មានទីពឹងជាង ៤០០នាក់ ដែលរស់នៅក្រោមការគ្រប់គ្រងអង្គការម្លប់តាប៉ាងទាំងអស់ ដោយក្តីនឹករលឹកអាណិតអាសូរស្រឡាញ់ ចំពោះប្អូនកុមារទាំងអស់ផងដែរ។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ដោយតំបន់អង្គការ នាពេលកន្លងមកតែងតែទទួលរងនូវជំនន់ទឹកភ្លៀង ជន់លិចជាញឹកញាប់ ព្រោះតំបន់នេះ ជាតំបន់ទំនាប ក្រោយពីអាជ្ញាធរបានកាយស្ដារអូរប្រឡាយឲ្យធំទូលាយ ធ្វើឲ្យតំបន់អង្គការម្លប់តាប៉ាង បានធូរស្បើយកាត់បន្ថយការជន់លិចដូចកាលពីមុន។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសំណូមពរដល់អង្គការម្លប់តាប៉ាង ត្រូវបង្កើនក្នុងការជួយដល់បងប្អូនកុមារកំព្រា ក្មេងអនាថាជនក្រីក្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបន្ថែមទៀត ហើយអាជ្ញាធរខេត្ត នឹងបន្តស្វែងរកសប្បុរសជននានា ដើម្បីជួយដល់អង្គការ ដើម្បីជួយដល់ប្អូនៗកុមារកំពុងមានការខ្វះខាតនៅក្នុង អង្គការផងដែរ។
សូមជម្រាបថា អំណោយដែលផ្តល់ជូននេះ រួមមាន៖ អង្ករ ២,៥០០គីឡូក្រាម ម៉ាស១៥,០០០ ប៊ិច៥,០០០ដើម សៀវភៅ ២,០០០ក្បាល និងថវិការ៥,០០០ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។