ភ្នំស្រួច មាន​អាង​ត្រាំ​ថ្នាំ​ និង​រុន​ថ្ម​សម្រាប់​បុក​ថ្នាំបុរាណ​ខ្មែរ​យកទៅដាក់​ត្រាំ​

ខេត្តកំពង់ស្ពឺ​៖ ភ្នំស្រួច មាន​សល់​គ្រឹះ​ប្រាសាទបុរាណ ឥដ្ឋ និង​បំណែក​សំណង់​ប្រាសាទ​នៅ​រាយប៉ាយ​លើដី​នៅលើ​ភ្នំ​។ នៅក្នុង​ទ​ស្សវ​ត្យ​ឆ្នាំ​១៩៩០ ប្រាសាទ​ត្រូវបាន​ជន​អគតិ​គាស់​កាយ​រក​វត្ថុ​បុរាណ ហើយ​បន្ទាប់មក គេ​បានគាស់​គ្រឹះ​ប្រាសាទ ដើម្បី​ចាក់​ស៊ីម៉ងត៍​សង់​ព្រះវិហារ​វត្ត​នៅ​ចំ​ពីលើ​ទីតាំង​គ្រឹះ​ប្រាសាទ​នោះ​។ បើ​អ្នកអាន​បាន​ស្គាល់ឈ្មោះ​ប្រាសាទ​នេះ សូមជួយ​ប្រាប់​ផង​។​

​មានការ​ដាប់​ផ្ទាំង​ថ្ម​ធម្មជាតិ​នៅលើ​កំពូលភ្នំ​នោះ​ធ្វើជា​អាងទឹក សម្រាប់​ត្រាំ​ខ្លួន​ឱ្យ​ស្បែក​ចាំ​/​គង់ កាប់​មិន​មុត ដុត​មិន​ឆេះ​។ បច្ចុប្បន្ន នៅលើ​ភ្នំស្រួច​នេះ មាន​អាង​ត្រាំ​ថ្នាំ​ចំនួន ០៦ និង​រុន​ថ្ម​សម្រាប់​បុក​ថ្នាំបុរាណ​ខ្មែរ​យកទៅដាក់​ត្រាំ​។ ក្រុមការងារ​មិនដឹង​អំពី​ប្រភេទ​រុក្ខជាតិ ឬ​វិធី​ប្រើ និង​ជឿជាក់​លើ​យុវជន​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​។​

​ក្រៅពី​គ្រឹះ​ប្រាសាទបុរាណ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន និង​អាង​ត្រាំ​ថ្នាំ មាន​ផ្ទាំងសិលា​ធម្មជាតិ​ធំៗ​រំលេច​សម្រស់​ក្នុង​ព្រៃភ្នំ​អមដោយ​សំលេង​សត្វ​ស្លាប និង​ជីវៈចម្រុះ​នានា​។ ចាស់ៗ​រស់នៅ​ក្បែរ​ភ្នំ​នោះបាន​ប្រាប់ថា ភ្នំស្រួច​ធ្លាប់ជា​ជម្រក​សត្វ​ខ្លា​។ មាន​លោក​នេន​មួយអង្គ​ដែល​គង់​នៅលើ​ភ្នំ​នោះ បានបង្ហាញ​ក្រុមការងារ​រូង​ថ្ម​ដ៏​ធំ​មួយ​ដែល​លោក​ជឿថា​ជា​ជម្រក​សត្វ​ខ្លា​ពីមុន​។ រឿងរ៉ាវ​ប្រវត្តិសាស្ត្រ វប្បធម៌​រួម​នឹង​សម្រស់​ផ្ទាំងសិលា​ក្រោម​ម្លប់​នៃ​ដើមឈើ​ធ្វើឱ្យ​ភ្នំស្រួច​ក្លាយជា​ទីកន្លែង​មនោ​រម្យ​សម្រាប់​មក​កំសាន្ត​។​

​ភ្នំស្រួច​ស្ថិត ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ខាងលិច​ភ្នំ​សន្ទុក ប្រហែល ០១​គីឡូ​ម៉ែត​។ បើ​អ្នកធ្វើដំណើរ​ក្នុងទិសដៅ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​ស្ទឹងសែន ភ្នំ​នេះ​ស្ថិតនៅ​ខាងស្តាំ​ដៃ​។ នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់​បង្គោល​ថ្ម​លេខ​១៥១ មាន​ផ្លូវដី​ក្រាល​គ្រួស​ចូលទៅ​ភ្នំស្រួច ឬ​អាស្រម​ភ្នំស្រួច​។ អ្នក​អាច​ឡើង​តាម​កាំជណ្តើរ ឬ​បើកបរ​ទៅដល់​កំពូលភ្នំ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close