អាជ្ញាធរ​វៀតណាម រឹបអូស​ស្រោមអនាម័យ​ជជុះ​ជាង ៣៤​ម៉ឺន​ស្រោម​

វៀតណាម​៖ នគរបាល​ប្រទេស​វៀតណាម បាន​រឹបអូស​ស្រោមអនាម័យ​ជជុះ ឬ​ស្រោម​ដែល​ប្រើ​រួចហើយ យកមក​សម្អាត​ប្រើ​ជាថ្មី ចំនួន​៣៤៥០០០​ស្រោម នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន CNA កាលពី​ម្សិលមិញ ដកស្រង់​ពី​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​វៀតណាម​។​

​នគរបាល​បញ្ជាក់ថា ស្រោមអនាម័យ​ទាំងនោះ​ត្រូវបាន​រឹបអូស​បាន​ពី​ឃ្លាំង​មួយកន្លែង ក្នុង​ខេត្ត ប៊ី​ញ ដុង ភាគខាងត្បូង​ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ​នេះ​។ ជាមួយគ្នានេះ ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណីនេះ ហើយ​ជនសង្ស័យ​រូបនេះ​បាន​ប្រាប់​នគរបាល​ថា ស្រោម​ទាំងនោះ​ដំបូង​ឡើយ ត្រូវបាន​យកទៅ​ស្ងោរ​ជាមួយ​ទឹក​ក្តៅ ហើយ​ហាល​ឲ្យ​ស្ងួត និង​មាន​ដំណាក់កាល​បន្តបន្ទាប់​ទៀត មុនពេល​ច្រក​ក្នុង​ប្រអប់​និង​ដាក់លក់​ជាថ្មី​។​

​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន VTV មិនបាន​បញ្ជាក់ថា ស្រោម​ទាំងនោះ​ត្រូវបាន​យកទៅ​ប្រើ​វិញ​ប៉ុន្មាន​ដងនោះ​ទេ ហើយ​ស្ត្រី​រូបនោះ​បានទទួល​ប្រាក់​០.១៧​ដុល្លារ​អាមេរិក សម្រាប់​ស្រោម​១​គីឡូ​ដែល​ស្ងោរ​ប្រើ​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close