អ្នកស្រាវជ្រាវ​យល់ថា ចម្លាក់​នៅតាម​ថែវ​នៃ​ប្រាសាទអង្គរវត្ត​មាន​ទំនាក់ទំនង​ទៅនឹង​យុគ​ទាំង​៤​របស់​ចក្រ​វា​ឡ​នៃ​សាសនា​ហិណ្ឌូ​

ដោយសារតែ​ប្រាសាទអង្គរវត្ត​ត្រូវបាន​កសាងឡើង​ឧទ្ទិស​ដល់​ព្រះ​នារាយណ៍​នៃ​ព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើប​ចម្លាក់​ជាច្រើន​ពិ​ព័ណ៌នា​អំពី​រឿងរ៉ាវ​ក្នុង​ព្រហ្មញ្ញសាសនា ជាពិសេស​ទាក់ទង​រឿង​រ៉ាង​នៃ​ព្រះ​នា​រាយ​ណ៏​។ ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ គឺ​ចម្លាក់​ទាំងនេះ​បានបង្ហាញ​អំពី​ការវិវត្ត​នៃ​ចក្រ​វា​ឡ​ថែម​ទៀតផង​។​

​នៅលើ​ថែវ​ទី​៣​នៃ​ប្រាសាទអង្គរវត្ត ដែលមាន​ប្រវែង​ជិត ៦០០ ម៉ែត្រ និង​កម្ពស់ ២​ម៉ែត្រ មាន​ចម្លាក់​ចំនួន​៨​ផ្ទាំង ដែល​ពណ៌នា​នូវ​រឿងរ៉ាវ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ទេវ​កថា​នៃ​ព្រហ្មញ្ញសាសនា អម​នឹង​រឿងរ៉ាវ​មួយចំនួន​ដែល​កើតមានឡើង​នៅក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ដែល​ព្រះ​អង្គជា​ក្សត្រ​បាន​កសាង​ប្រាសាទ​នេះ​ឡើង​។​

​អ្នកស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ជឿជាក់ថា ចម្លាក់​ទាំង​៨​ផ្ទាំង​លើ​ថែវ​ទី​៣​នៃ​ប្រាសាទអង្គរវត្ត គឺមាន​ការពាក់ព័ន្ធ​ទៅនឹង​ដំណើរ​វិ​វត្ត​របស់​ចក្រ​វា​ឡ តាមរយៈ​ការបែងចែក​យុគ​ក្នុង​ជំនឿ​នៃ​សាសនា​នេះ​។​

​លោក​បណ្ឌិត​បញ្ជាក់ថា តាម​ទស្សនៈ​របស់​ព្រហ្មញ្ញសាសនា ចក្រ​វា​ឡ​ទាំងមូល​ត្រូវបាន​បែងចែក​ជា​៤​យុគ​គឺ​៖

១. ក្រឹ​ត​យុគ ឬ យុគមាស (១.៧២៨.០០០​ឆ្នាំ​មនុស្ស​=៤.៨០០​ឆ្នាំ​ទេព​) គឺ​សម័យ​កាលដែល​សត្វលោក​មាន​គុណធម៌​ពេញលេញ ១០០% ហើយ​មនុស្សលោក​មាន​អាយុ​វែង និង​មាន​សេចក្តីសុខ​ច្រើន​។

២. ត្រេ​ត​យុគ ឬ យុគប្រាក់ (១.២៩៦.០០០​ឆ្នាំ​មនុស្ស​=៣.៦០០​ឆ្នាំ​ទេព​) គឺ​សម័យ​កាលដែល​សត្វលោក​មាន​គុណធម៌​បង្គួរ ថយចុះ​នៅសល់​៧៥%, ហើយ​មនុស្សលោក​មាន​អាយុ​វែង​ល្មម និង​មាន​សេចក្តីសុខ​ល្មម​។

៣. ទ្វា​បរ​យុគ (៨៦៤.០០០​ឆ្នាំ​មនុស្ស​=២.៤០០​ឆ្នាំ​ទេព​) គឺ​យុគ​ដែលមាន​លេខ​គត់​គូ គឺ​សម័យ​កាលដែល​សត្វលោក​មាន​គុណធម៌​អន់ថយ​នៅសល់តែ​៥០%​។​

៤. កលិយុគ (៤៣២.០០០​ឆ្នាំ​មនុស្ស​=១.២០០​ឆ្នាំ​ទេព​)​ជា​យុគ​ប្រកបដោយ​ទោស ជម្លោះ ហើយ​សត្វលោក​មានគុណ​ធម៌​នៅសល់តែ​២៥%​ប៉ុណ្ណោះ​។ មនុស្សលោក​សព្វថ្ងៃ​កំពុង​រស់នៅក្នុង​យុគ​នេះឯង ហើយ​មាន​សេចក្តីសុខ​តិចតួច​ណាស់​។​

​ចម្លាក់​ប្រាសាទអង្គរវត្ត​ត្រូវបាន​ឆ្លាក់​ឡើង ដើម្បី​បង្ហាញ​ពី​យុគ​ទាំង​៤​នេះ​គឺ ចម្លាក់​ពីរ​ផ្ទាំង​នៅ​ទិសខាងកើត​តំណាង​ឲ្យ​ក្រឹ​ត​យុគ ដែល​បង្ហាញ​នូវ​ភាព​ស្អាត ភាព​បរិសុទ្ធ មនុស្ស​នៅមាន​សច្ចភាព​ពេញលេញ​។ ចម្លាក់​ទាំងនោះ​ជា​រឿងរ៉ាវ​នៃ​ទេព​សុទ្ធសាធ ដោយមាន​រឿង​កូរ​សមុទ្រ​ទឹកដោះ និង​ជ័យជម្នះ​ព្រះ​នារាយណ៍ លើ​ពួក​អសុរ​ទាំងឡាយ​។​

​ចម្លាក់​ពីរ​ផ្ទាំង​បន្ទាប់​នៅ​ទិស​ខាងជើង តំណាង​ឲ្យ​ត្រេ​ត​យុគ ជា​យុគ​ដែល​មនុស្ស​មានគុណ​ធម៌​ថមថយ​ចុះ​ខ្លះ តែ​ក៏​នៅក្នុង​ភាពល្អប្រសើរ​គ្រាន់​ជាង​ពាក់កណ្តាល​។ ចម្លាក់​ទាំងនោះ​បង្ហាញ​ពី​រឿងរ៉ាវ​ចម្បាំង​គ្នា​រវាង​ទេព​និង​ពួក​អសុរ ដោយ​មានរឿង​ជ័យជម្នះ​នៃ​ព្រះ​ក្រឹ​ស្ណៈ​លើ​ស្តេច​អសុរ​ឈ្មោះ​ពាន និង​ចម្បាំង​រវាង​ទេព​ផ្សេងៗ​ជាមួយនឹង​ពួក​អសុរ​។​

​ចម្លាក់​ពីរ​ផ្ទាំង​នៅ​ទិស​ខាងលិច តំណាង​ឲ្យ​ទ្វា​បរ​យុគ ជា​យុគ​ដែល​មនុស្សលោក​នៅសល់​គុណធម៌​តែ​ពាក់កណ្តាល ដោយ​ឆ្លា​ក់នូវ​រឿង​រាមកេរ្តិ៍​និង​រឿង​មហា​ភារត ដែលមាន​សាច់រឿង​លំនាំ​ជា​ទេព​ពាក់កណ្តាល និង​មនុស្ស​ពាក់កណ្តាល​។​

​ចម្លាក់​ពីរ​ផ្ទាំង​ចុងក្រោយ​គេ គឺ​នៅ​ទិស​ខាងត្បូង ដែល​តំណាង​ឲ្យ​កលិយុគ ជា​យុគ​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​។ ចម្លាក់​ទាំងពីរ​ផ្ទាំង​នេះ​ឆ្លា​ក់នូវ​រឿងរ៉ាវ​នានា​ដែល​កើតមាន​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ និង​បញ្ចប់​ទៅដោយ​ចម្លាក់​នរក​សួគ៌ ដែល​បង្ហាញ​អំពី​ទីបញ្ចប់​នៃ​ចក្រ​វា​ឡ ដែលមាន​មនុស្ស​ខ្លះ​ឡើងទៅ​ស្ថានសួគ៌ និង​មនុស្ស​ខ្លះ​ធ្លាក់ចុះ​នរក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close