ដឹង​អត់​! ភ្នំ​ក្ងោកមាស ស្ថិតនៅ​ខេត្ត​ណា​? និង​មាន​អាថ៌កំបាំង​អ្វីខ្លះ​?

​មានរឿង​ដំណាល​ថា មាន​ព្រះ​ពុទ្ធរូប​តូចៗ​ចំនួន​៦០​អង្គ ធ្វើ​ពី​ស្ពាន់​-​សំរឹទ្ធ​ត្រូវបាន​ចោរលួច និង​ប្លន់​បាន​យកទៅ​លាក់ទុក​ក្នុង​ពាង​ក្នុង​ល្អាង​ភ្នំ​ក្ងោកមាស​។ នៅ​ឆ្នាំ​២០១៧ យុវជន​៣​រូប​រស់នៅ​ក្បែរ​ភ្នំ​នោះ អាយុប្រមាណ​១៧​ឆ្នាំ បាន​ចូលទៅក្នុង​ល្អាង​ដើម្បី​បាញ់​សត្វ​ប្រចៀវ ហើយ​បាន​ប្រទះឃើញ​ពាង​ដាក់​ព្រះ​ពុទ្ធរូប​ខាងលើ​។ ដោយសារ​បារមី និង​ពន្លឺ​ចែងចាំង​ចេញពី​ព្រះ​ពុទ្ធរូប​ទាំងនោះ ធ្វើឱ្យ​អ្នកភូមិ​ផ្អើល​មក​មើល ហើយក៏​បានដឹង​ដល់​អាជ្ញាធរ​។

​ព្រះ​ពុទ្ធរូប​ទាំងនោះ ត្រូវបាន​គេ​ដឹក​យកទៅ​តម្កល់​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ នៅ​រាជធានី​ភ្នំពេញ​(?)​។ អ្នកភូមិ​ក៏បាន​ប្រាប់​ផងដែរ​ថា នៅក្នុង​ល្អាង​ភ្នំ​ក្ងោកមាស​នេះ មាន​ធ្នូ​ដែក​បុរាណ ដែល​គេ​ប្រើ​សម្រាប់​បាញ់​សត្វ​ក្ងោក តែ​បច្ចុប្បន្ន​មិនដឹង​ស្ថិត​នៅទីណា​។​

​ភ្នំ​នេះ​មានតម្លៃ​វប្បធម៌​(​ព្រហ្មញ និង​ពុទ្ធសាសនា​ដែល​ពលរដ្ឋ​កម្ពុជា​នៅ​គោរព​) តម្លៃ​ប្រវត្តិសាស្ត្រ​(​ភ្នំ​ថ្ម​ស​/​កំបោរ អាយុកាល​ពាន់​ឆ្នាំ​) តម្លៃ​សោ​ភណ្ឌ​ភាព​ធម្មជាតិ​(​ទេសភាព​ព្រៃភ្នំ​) ជាទី​ជម្រក​សត្វ​-​រុក្ខជាតិ​ច្រើន​ប្រភេទ និង​មានតម្លៃ​ច្រើន​ទៀត​ដែល យើង​មិនទាន់​ដឹង ដូច​សំដី​មាស​លោក​រដ្ឋមន្ត្រី​បរិស្ថាន​សាយ សំ​អាល់​៖«​អ្វីដែល​យើង​បានដឹង​គឺ តិចជាង​អ្វីដែល​មិនទាន់​ដឹង​»​។​

​ភ្នំ​ក្ងោកមាស ស្ថិត​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ​៤៤ គីឡូម៉ែត្រ​ពី​ក្រុង​ស្ទឹងត្រែង​។ តាមផ្លូវ​ជាតិ​លេខ ៩ ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តព្រះវិហារ ភ្នំ​នេះ​ស្ថិតនៅ​ខាងស្តាំ​ដៃ​។ ត្រង់​បង្គោល​ថ្ម​លេខ​៥០៣ មាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម បត់​ចូល​រួច​បន្តដំណើរ​រហូត​ទៅដល់​ភ្នំ​ក្ងោកមាស មុន​ទៅដល់​ភ្នំ​ឈ្ងោក​។ ភ្នំ​ក្ងោកមាស​នេះ មិនទាន់មាន​ការរៀប​ចំ​បានល្អ​សម្រាប់​ទទួលភ្ញៀវ​នៅឡើយ​ទេ​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close