ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១លាននាក់ហើយ

បរទេស៖ តួលេខអ្នកជម្ងឺបាត់បង់ជីវិតដោយសារកូវីដ១៩ ដែលបានកើតឡើងមិនដល់មួយឆ្នាំនៅក្នុងប្រទេសចិន និង រាលដាលពាសពេញពិភពលោកនោះ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ បានកើនឡើងដល់ខ្ទង់ ១លាននាក់ហើយ។ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០។
ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលដាក់មនុស្សពាក់កណ្តាលផែនដី ពោលគឺជាងបួនពាន់លាននាក់ឱ្យនៅតែក្នុងផ្ទះនៅត្រឹមខែមេសាកន្លងទៅនេះ ពីដំបូងបានបន្ថយល្បឿននៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ប៉ុន្តែចាប់តាំងពីការរឹតត្បិតត្រូវបានបន្ធូរបន្ថយមក ករណីឆ្លងថ្មីៗបានកើនឡើងយ៉ាងគំហុកវិញ ។
តួយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ជំងឺកូវីដ១៩ បានឆក់យកជីវិតអ្នកជម្ងឺចំនួន១លាន៩នាក់ នៅក្នុងចំណោមអ្នកឆ្លងចំនួន ៣៣លាន១ម៉ឺន៨ពាន់៨៧៧នាក់ នេះបើតាមការរាប់សរុបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។ សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេបំផុត គឺជាង២០ម៉ឺននាក់ តាមពីក្រោយដោយប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក និងអង់គ្លេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។