ឯកឧត្តម គួច ចំរើន អនុញ្ញាត្តិឲ្យឯកឧត្តម ម៉ៃ ឃែលតាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ព្រះសីហនុ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងឈ្វេងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ និងប្រធានសភាពាណិជ្ជកម្មផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ឯកឧត្ដមអគ្គរដ្ឋទូតប្រទេសប្រទេសសឹង្ហបុរី ដោយគូសបញ្ជាក់ថាប្រទេសសឹង្ហបុរី ជាស្ថាបនិកបង្កើតអាស៊ានហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសឹង្ហបុរី តាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះ ៣២ មានកំពង់ផែទឹកជ្រៅ មានទំនិញដឹកជញ្ជូនឆ្លងកាត់ទូទាំងប្រទេស ៧០ភាគរយ។
រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០៣០ យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ថ្វីត្បិតការអភិវឌ្ឍខេត្តមានការយឺតយ៉ាវនៅហេដ្ឋារចនាសម្ព័ន្ធមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវ ៣៤ខ្សែ និងត្រូវបញ្ចប់នៅចុងខែមេសា ឆ្នាំ ២០២១ខាងមុខ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តមបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ជប៉ុនកសាងកំពង់ផែ ៤ ដំណាក់កាលបន្តទៀតគឺចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ ពីរដំណាក់កាលបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹក ១៣ម៉ែត្រ ចូលចតធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះជិតបួនដង នឹងបន្តទៅដំណាក់កាលទី៣ ទី៤ ឱ្យនាវាមានជម្រៅទឹក ១៤ម៉ែត្រចូលចត ។
ខេត្តមានព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះ ៣E ចុះចតបាន និងបន្តពង្រីកដល់ ៤E ដែលមានផ្លូវរត់រហូតដល់ ៣.២០០ម៉ែត្រ ។ ខេត្តព្រះសីហនុ ជាខេត្តផលិតថាមពលអគ្គិសនីចែកចាយទៅបណ្ដាញជាតិនៅទូទាំងប្រទេស បច្ចុប្បន្នខេត្តផលិតថាមពលអគ្គិសនីបាន ១.០០០មេហ្គាវ៉ាត់ ហើយការប្រើប្រាស់ក្នុងខេត្ត ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់។ បញ្ហាទឹកស្អាត ដោយសារឆ្នាំកន្លងមកជួបបញ្ហាប្រឈមដោយសារកំណើនអ្នកវិនិយោគមកយ៉ាងកំហុគ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងផលិតទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគីប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រគីប រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត ២០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ ខេត្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែង ដោយមានការការសហការជាមួយក្រុមហ៊ុនសឹង្ហបុរីផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថាខេត្តព្រះសីនុជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ។
ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ត្រីរាជការដែលបានចំណាយពេលវេលាអនុញ្ញាតឱ្យលោកចូលជួបពិភាក្សាឈ្វេងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នម្យ៉ាងទៀតឆ្នាំនេះជាខួបកាទូតទី៥៥ រវាងប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជាដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ចំណេះដឹងជាដើម ។ល។ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសសឹង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លា ឆ្នាំ២០១៩ មាន ៤,២ពាន់លានដុល្លា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន ២ពាន់លានដុល្លា ។
ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា សង្ឃឹមថានៅពេលដែល Covid បញ្ចប់អ្នកវិនិយោគប្រទេសសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀតក្រុមវិនិយោគសឹង្ហបុរី ក៏មកធ្វើការវិនិយោគនៅគំរោងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅវិញទៅមកវាងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ចង់ឃើញតំបន់ណាខ្លះដែលយើងធ្វើការអភិវឌ្ឍរួមគ្នា និងសង្ឃឹមថានៅពេលចប់ Covid នឹងមាននាវាទេសចរណ៍ធំៗយ៉ាងច្រើនចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។