ក្រចកជើងគោជិត២តោនកន្លះ នាំចូលតាមច្រកអន្តរជាតិបាវិត ត្រូវសមត្ថកិច្ចដកហូត

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង បានសហការគ្នាត្រួតពិនិត្យការនាំចូលខ្មងជើងគោ ពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានយកគំរូក្រចកជើងគោមកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល ពុំបានរកឃើញមានសារធាតុគីមី Formalin នៅក្នុងគំរូក្រចកជើងគោទាំងនោះឡើយ ដោយឡែកមន្ត្រីសាខាបាន រកឃើញក្រចកជើងគោចំនួន ១២០កេស ស្មើនឹងទម្ងន់ ២៤០០គីឡូក្រាម មានភាពមិនប្រក្រតីទៅលើឯកសារមួយចំនួន ដូចជា៖
-គ្មានឯកសារបញ្ជាក់ពីប្រភពដើម
-គ្មានលិខិតអនុញ្ញាតនាំចូល
-ការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស (ទូបង្កក)។
មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធីនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរថា ក្នុងការដុតកម្ទេចចោលនេះ មានការសហការ ពីអាជ្ញាធរដែនដី និងមន្ត្រីនៃសាខាគយខេត្តស្វាយរៀងផងដែរ៕





កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។