ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម

ភ្នំពេញ៖ នៅទីស្តីការក្រសួង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍។

តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Gray Ellem ជាដៃគូអភិវឌ្ឍន៍ក្នុងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងមតិរបស់លោក ចាន់ សីហា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីលទ្ធផលដ៏ល្អប្រសើរ ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីរាជការពាក់ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ក្នុងការជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានាពេលកន្លងមក ជាពិសេសការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ ក្រោមកិច្ចសហការជាមួយបណ្តាអង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
ជាក់ស្តែង ការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ គឺជាជោគជ័យដ៏ធំមិនធ្លាប់មាន ដោយមានកិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យា លើផលិតផលស្រូវសរីរាង្គក្នុងបរិមាណ ២៤ ៦៦២តោន និងដំឡូងមីសរីរាង្គក្នុងបរិមាណ ៣០ ២០៦តោន ដោយមានសហគមន៍កសិកម្មចំនួន ៥០សហគមន៍ ក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ (៤កិច្ចសន្យា ៤សហគមន៍) កំពង់ស្ពឺ (១កិច្ចសន្យា ១សហគមន៍) កំពត (១កិច្ចសន្យា ១សហគមន៍) កំពង់ឆ្នាំង (៦ កិច្ចសន្យា ៦សហគមន៍) មណ្ឌលគិរី (៦កិច្ចសន្យា ៦សហគមន៍) និងខេត្តព្រះវិហារ (៣២កិច្ចសន្យា ៣២សហគមន៍)។ ដោយឡែកក្រុមហ៊ុនចំនួន ៤ ដែលបានចុះកិច្ចសន្យារួមមាន ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហារបស់កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ធ្វើយ៉ាងណាឲ្យពួកគាត់រក្សាបាននូវសកម្មភាពផលិត និងបន្តការផលិតឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយ:ពង្រឹងបរិយាកាសវិនិយោគឲ្យបានល្អប្រសើរដើម្បីបង្កើតការងារ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្មឲ្យអស់លទ្ធភាព។
ជាក់ស្តែង ការប្រើប្រាស់វត្ថុធាតុដើមកសិកម្ម បាននឹងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិត ពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឲ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូលរួមធ្វើឲ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សូមជម្រាបថា គិតមកទល់ចុងខែកញ្ញាឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្ម បានកើនឡើងដល់ ៧០១កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខ ដូចជា៖ ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ ជ្រូក។ល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។