បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​រូប ចាប់ផ្តើម ប្រកួត​សំដី ផ្ទាល់​មុខ​គ្នា​

សារព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី ៣០ ខែកញ្ញា ឆ្នាំ​២០២០ បេក្ខភាព ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​គឺ​លោក ចូ បៃ​ដិ​ន បាន​ចូលរួម​នៅក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង​ក្លេវ​លែ​ន​ដ៍ (Cleveland) រដ្ឋ​អូ​ហៃ​យ៉ូ នៅ​យប់​ថ្ងៃ​អង្គារ ទី​២៩ ខែកញ្ញា (​ពេលវេលា​នៅ​អាមេរិក​) ដើម្បី​ធ្វើការ​ជជែក​ដេញដោល​គ្នា​ជា​លើកដំបូង ក្នុងនាម​ជា​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​។​

​ពិធីករ​ទូរទស្សន៍ Fox News គឺ​លោក គ្រី​ស វ៉​ល​ឡេស (Chris Wallace) បាន​បើក​ការជជែក​ដេញដោល ដោយ​ស្នើ​ឲ្យ​លោក ត្រាំ ពន្យល់​ពី​ការជ្រើសតាំង​ចៅក្រម​តុលាការ​កំពូល​ថ្មី នៅ​ជិត​ការបោះឆ្នោត​នាពេលខាងមុខ​។

​ជុំវិញ​ការជ្រើសរើស​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល ដែលមាន​និន្នាការ​អភិរក្សនិយម​គឺ​លោកស្រី អេ​មី ខូ​នី បា​រែ​ត (Amy Coney Barrett) ដើម្បី​ជំនួស​អតីត​ចៅ​ក្រុម​លោកស្រី រ៉ា​ស ប៊ែ​ដឺ ហ្គី​នស៍​ប៊ឺ​ក (Ruth Bader Ginsburg) លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​ជា​ប្រធានាធិបតី ខ្ញុំ​មាន​សិទ្ធិ​ក្នុងការ​តែងតាំង ព្រោះ​គណបក្ស​សាធារណរដ្ឋ​កំពុង​គ្រប់គ្រង​ទាំង​ព្រឹទ្ធសភា និង​សេត​វិមាន​»​។​

​មិន​បង្អង់​យូរ​ឡើយ ជុំវិញ​បញ្ហា​ខាងលើ​លោក ចូ បៃ​ដិ​ន បាន​វាយបក​វិញ​ថា «​វា​គឺជា​រឿង​មិន​សម​ហេតុផល នៅ​មុនពេល​ការបោះឆ្នោត​»​។ លោក បៃ​ដិ​ន បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​អាមេរិកាំង​គួរតែមាន​សិទ្ធិ​នៅក្នុង​ដំណើរការ​នេះ (​ការជ្រើសរើស​ច្រៅ​ក្រម​តុលាការ​កំពូល​)​។ គួរ​បញ្ជាក់ថា បេក្ខជន​ទាំងពីរ​ក៏បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ផងដែរ ទៅលើ​ការគ្រប់គ្រង​ជំងឺ​រាតត្បាត COVID-19 និង​ជាពិសេស​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុងតែ​ញាំញី​មហាអំណាច​នេះ​យ៉ាងដំណំ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close