កម្ពុជា នៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣គីឡូម៉ែត្រក្រឡា 

ខេត្តរតនគិរី៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកឧត្តមទេស​រដ្ឋមន្រ្តី​ និង​ឯកអគ្គរដ្ឋទូត​ បាន​ចុះ​ពិនិត្យ​ ម៉ាស៊ីន​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់របស់​អង្គការ​ MAG​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​​ក្រុង​បាន​លុង​ និង​លទ្ធផល​នៃ​ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម​ ស្រុកកូនមុំ​ ព្រម​ទាំង​បាន​មេីល​ការ​ប្រកួត​បាល់​ទាត់​នារី​រវាង​អ្នក​ដោះ​មីន/គ្រាប់​របស់​អង្គការ​ MAG និង​អង្គការ​ NPA ផងដែរ​។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ បាន​លេីក​ឡេីង​ថា​ ផ្អែក​តាម​លទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុង​នោះ​បានបោសម្អាតរួចមាន​ប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ​ ទៀត​។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាម​រយៈ​ WRA​ (Weapon Removal and Abatement) និង​កម្មវិធី​​ HDR& D (Humanitarian Demining, Research and Development) ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន​និង​គ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែម​ក្រុម​ការងារ​បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់​បែក​ចង្កោម​។

ជាមួយ​គ្នានេះ​ ឯកឧត្តម W. Patrick Murphy បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​ គឺ​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​លេី​ការងារ​បោស​សម្អាត​មីន/គ្រាប់​នៅ​កម្ពុជា​ធំមួយ​ ក្នុង​គោលដៅ​ចូលរួម​ផ្តល់​នូវ​សុខ​សុវត្ថិប្រភព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​សហរដ្ឋអាមេរិក​ នឹងប្តេជ្ញា​​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​បញ្ចប់​ការគម្រាម​កំហែង​​ដោយ​សារ​​មីន​អោយ​អស់​នៅ​ឆ្នាំ​២០២៥​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close