ឯកឧត្តម ស៊ុន ចាន់ថុល សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្ដល់​សេវាសាធារណៈ​ថ្មី​។​

​សូមជម្រាបថា ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ មណ្ឌល​ផ្ដល់​សេវាសាធារណៈ នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាមួយ​ធនាគារ​ជីបម៉ុង និង​សេវា​ផ្ដល់​បណ្ណ​បើកបរ​អន្តរជាតិ​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានាបាន​នូវ​ភាពជា​ម្ចាស់​ស្របច្បាប់​របស់​ម្ចាស់​យានជំនិះ លុបបំបាត់​ការ​ក្លែងបន្លំ​នានា ងាយស្រួល​ក្នុងការ​គ្រប់គ្រង​យានជំនិះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​បានល្អ ជាពិសេស​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ផងដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ ម្ចាស់​យានជំនិះ​អាចដាក់​ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ បង់ថ្លៃ​សេវា និង​ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​និង​ពេល​តែមួយ​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​ទៅកាន់​ទីតាំង​ផ្ដល់​សេវា​របស់​ក្រសួង ដោយហេតុថា​ក្រសួង​បាន​សហ​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ជាមួយនឹង​ប្រព័ន្ធ​របស់​អគ្គ​នាយ​ពន្ធដារ​រួចហើយ​។​

​សូមបញ្ជាក់ថា ដើម្បី​ប្រើប្រាស់​ជម្រើស​ណាមួយ​ក្នុង​ជម្រើស​ទាំងពីរ​នៃ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ ម្ចាស់​យានជំនិះ​ត្រូវមាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​យានជំនិះ លិខិត​ទិញ​-​លក់ ព័ត៌មាន​អ្នកលក់ និង​ព័ត៌មាន​អ្នកទិញ ។​ល​។ ដើម្បីឱ្យ​ការផ្ដល់​និង​ទទួល​សេវា​នេះ​កាន់តែ​លឿន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close