កម្ពុជា រក​ឃើញករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ម្នាក់​ទៀតហើយ ជា​ករណី​នាំចូល​ពី​សហរដ្ឋអាមេរិក​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ដែល​ត្រូវបាន​រកឃើញ​លើ​ស្ត្រីជន​ជាតិខ្មែរ ដែល​ទើប​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ស្ត្រីជន​ជាតិខ្មែរ​ដែល​ទើប​រកឃើញ​ឆ្លង​កូ​វីដ​១៩ មាន​អាយុ​៣៣​ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្រសួង បញ្ជាក់ទៀតថា បន្ទាប់មក​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តបាត់ដំបង ក្រោយ​លទ្ធផល​តេស្ត​លើក​ទី​០១ របស់គាត់ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ការវិភាគ​វត្ថុ​សំណាក​លើក​ទី​២ របស់គាត់ គឺ​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ននេះ អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា មាន​មិត្តភក្តិ​ពីរ​នាក់ បានមក​ដឹក​ស្ត្រី​ទើប​រកឃើញ​ជំងឺ​កូ​វីដ​១៩​នេះ តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញពី​ភ្នំពេញ ទៅ អាសយដ្ឋាន​ខាងលើ​ក្នុង​ខេត្តបាត់ដំបង​។ តាម​ការស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ជាបឋម និង​ភ្លាមៗ ដោយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ក្រោយពី​ទទួលបាន​លទ្ធផល វិភាគ​វត្ថុ​នៃ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ បាន​បង្ហាញថា អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​មាន​ចំនួន ០៧​នាក់ (០៥​នាក់​ជា​ក្រុមគ្រួសារ និង ០២​នាក​ជា​មិត្តភក្តិ​របស់​អ្នកជំងឺ​) ហើយ​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​នេះ​សរុប​មាន​ចំនួន ៤០​នាក់​។​

​ក្រុមការងារ នឹង​បន្ត​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជា​បន្តទៀត​នៅ​ថ្ងៃទី​០២ ខែតុលា​នេះ និង​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ដោយសារ​ស្ថានភាព​អាកាសធាតុ​នៅ​ខេត្តបាត់ដំបង នា​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ខ្លាំងពេក និង​យប់​ជ្រៅ​ផង​នោះ​។ ក្រសួង​នឹង​បន្ត​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​នូវពេល​បញ្ចប់​ការងារ​នេះ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៧៨​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ ចំនួន​០១​នាក់ មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន​០១​នាក់ និង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ចំនួន​០១​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close