សហគមន៍អន្តរជាតិបារម្ភពីសង្គ្រាម កំពុងតែកើតឡើងរវាង Armenia និង Azerbaijan

សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមកំពុងតែកើតឡើងរវាង Armenia និង Azerbaijan អាចក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ក្នុងតំបន់។ នៅពេលនេះ អាមេរិក បារាំង រុស្ស៊ី បានចេញសេចក្តីប្រកាសរួម អំពាវនាវដល់ប្រទេសទាំងពីរ ស្វែងរកដំណោះស្រាយដោយសន្តិភាព ឈប់ចងគំនុំគ្នា។

នៅថ្ងៃទី១ខែតុលា រុស្ស៊ី បារាំង និងអាមេរិក បានស្នើដល់កម្លាំងទាហាន Azerbaijan និង Armenia អនុវត្តបទឈប់បាញ់គ្នាជាបន្ទាន ហើយវិលត្រឡប់ចូលតុពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ។ នៅក្នុងសេចក្តីប្រកាសរួម ប្រធានាធិបតីទាំង៣ បានបញ្ចាក់ថា «យើងសូមអំពាវនាវដល់មេដឹកនាំ Armenia និង Azerbaijan សន្យាតភ្ជាប់ កិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌ »។
ជាមួយគ្នានេះដែរ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រឆាំង ទៅលើសកម្មភាព របស់អាមេរិក រុស្ស៊ី និងបារាំង ក្នុងការស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Caucasus ដោយយកមូលហេតុថា មិនបានយកចិត្តទុកដាក់ទៅលើវិវាទដែលបានកើតឡើងនៅទីនោះរយៈពេល៣០ឆ្នាំកន្លងមក។
ប្រធានាធិបតីតួកគី លោក Erdogan បញ្ជាក់ទៀតថា សន្តិភាពយូអង្វែងអាចនឹងកើតឡើងនៅតំបន់នោះ លុះត្រាតែ ប្រទេសArmenia ដកទាហានចេញពី Nagorny – Karabakh ។ ប្រធានាធិបតីតួកគីបានបញ្ជាក់ទៀតថា« ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់យូអង្វែង គឺអាស្រ័យទៅលើប្រទេសArmenia ។ បើ Armeniaដកទាហានចេញទាំងពីពីទឹកដី Azerbaijan នោះសន្តិភាពនឹងកើតមានឡើង»។
ការវាយប្រហារគ្នា បានផ្ទុះឡើងតាំងពីថ្ងៃទី ២៧ខែកញ្ញា រហូតមកដល់ពេលនេះបណ្តាលឲ្យទាហានទាំងសង្ខាងរងការខាតបង់យ៉ាងច្រើន ទាំងសម្ភារៈនិងអាយុជីវិតទាហាន និងពលរដ្ឋ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។