កុងតឺន័រ បុកម៉ូតូ កិនធ្លាយខួរស្លាប់បុរសម្នាក់ រួចបន្តថែមល្បឿនគេចបាត់ស្រមោល

ភ្នំពេញ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័រ បុកនិងកិន ហើយបន្តបុកម៉ូតូកង់បី បណ្តាលឲ្យក្រឡាបផ្ងារជើង។ ករណីនេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កង សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី មួយគ្រឿង បើកពីលិចទៅកើត គ្រានោះក៏មានជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1-M-7343 ធ្វើដំណើរមកពីក្រោយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូនិងកិនចំក្បាលជនរងគ្រោះ បណ្តាលឲ្យបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម តែម្តង។ ភ្លាមៗ រថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូនិងរឺម៉ក ទៅរក្សាទុក ចំណែកឯសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។