នេះជា iPhone X គែមអេក្រង់ខ្លី បំពាក់អេក្រង់ OLED និងអាចដោះសោរដោយស្កេនមុខ
ពេលវេលាទន្ទឹមរង់ចាំបានមកដល់ហើយសម្រាប់អតិថិជន Apple ទាំងអស់ ក៏ដូចជាមហាជនទូទាំងពិភពលោក ដែលចង់ដឹងចង់ឮថា តើចុងឆ្នាំ 2017 នេះនឹងមានអ្វីប្លែកខ្លះ? មិនខុសពីរាល់ដងនោះទេគឺ Apple តែងតែបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលលេចធ្លោជាងគេបំផុតនោះគឺ iPhone 10 ឬ X (លេខរ៉ូម៉ាំង) ជាការមកដល់ថ្មីមិនធ្លាប់មិនពីមុនមករបស់ Apple។ ជាការពិតណាស់ iPhone នេះមិនមែនជា iPhone ដេញជំនាន់ដូចសព្វមុនដងនោះទេ តែវាគឺជា iPhone បង្កើតឡើងដាច់ដោយឡែកពីគេ ដោយឈក្នុងឈ្មោះថ្មី រូបរាងរចនាបទប្លែក កម្លាំងម៉ាស៊ីនខ្លាំង និងកាន់តែមានភាពទាន់សម័យ វ័យឆ្លាតជាងមុនទៅទៀត។
រូបរាងរចនាបទ
លើកនេះ Apple ពិតជាលេងមួយទំហឹងពិតមែន ជាមួយនឹងការបោះជំហានទៅមុខនៃបច្ចេកវិទ្យាថ្មី រូបរាងថ្មី ដែលអ្នកនឹកស្មានមិនដល់ ជាមួយនឹងការរចនារូបរាងថ្មី និងប្លែកជាងមុន ដោយតួម៉ាស៊ីនការពារដោយកញ្ចក់ស្វិត មានភាពរឹងម៉ាំ ពីខាងមុខ និងពីខាងក្រោយ អមមកជាមួយនឹងគែមជុំវិញអេក្រង់ការពារ Stainless Steel ជាលោហៈ ដែលមានភាពរឹងម៉ាំ និងមិនងាយឆ្កូត ថែមទាំងមិនងាយច្រេះស៊ី បើទោះបីជាប៉ះទឹកសមុទ្រក៏ដោយ ពិសេសគឺអាវក្រោះការពារធូលី និងទឹកត្រូវបានបំពាក់មកជាមួយរួចជាស្រេច។
នៅផ្ទៃខាងមុខពុំមានប៊ូតុង Home ទៀតឡើយ ដោយ Apple បានលុបបំបាត់ចោលទាំងអស់ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់អេក្រង់ក្នុងការបញ្ជាទៅលើមុខងារជាច្រើន តែក៏នៅរក្សានូវប៊ូតុងសំខាន់ៗដដែលផងដែរ ដូចជាប៊ូតុងសម្លេង ប៊ូតុងកាច់ញ័រ និងប៊ូតុង Siri ទៀតផង។ អេក្រង់ខាងមុខគឺជាចំនុចធំ ដែលធ្វើឲ្យ iPhone X លេចធ្លោខ្លាំងជាងគេបំផុត វាលាទសន្ធឹងធំមានគែមតិចបំផុត ដែលធ្វើឲ្យការប្រើប្រាស់មើលទៅពេញភ្នែកមែនទែន អរគុណទៅដល់អេក្រង់ទំហំ 5.8 អ៊ីញ ជាមួយនឹងកម្រិត Resolution ធំខ្លាំងដល់ទៅ 2436 x 1125p អមមកជាមួយនឹងកម្រិតដង់ស៊ីតេ 458ppi ធ្វើឲ្យការប្រើភ្នែកមើលទៅលើអេក្រង់ iPhone 10 លោតទៅកាន់បទពិសោធន៍ពិសេសថ្មីមួយផ្សេងទៀត ដែលអ្នកនឹងសរសើរវាចេញពីចិត្ត។
Apple ហៅអេក្រង់ថ្មីនេះថា Super Retina Display វាប្រើប្រាស់អេក្រង់ OLED ស៊េរីថ្មី អាចបង្ហាញពណ៌ដុតច្បាស់ដូចអេក្រង់ទូរទស្សន៍តម្លៃពាន់ដុល្លារអញ្ចឹងដែរ ថែមទាំង Support ជាមួយមុខងារ Doby Vision និង HDR10 អនុញ្ញាតឲ្យម្ចាស់របស់វាទស្សនាវីដេអូបែប HDR ក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក ដែលស្មាតហ្វូនភាគច្រើនពុំអាចធ្វើទៅបាននៅឡើយ។ សម្រាប់មុខងារ 3D Touch នៅតែរក្សាដដែល អាចឲ្យយើងចុចសង្កត់បន្តិចសម្រាប់ជ្រើសរើស Option ផ្សេងៗចេញពីកម្មវិធី និងហ្គេមនានា។
កម្លាំងម៉ាស៊ីន
មិនខុសគ្នាពី iPhone 8 និង 8 Plus នោះទេ Apple បំពាក់ឈីប A11 Bionic ថ្មី ដែលជា CPU មានភាពវ័យឆ្លាត និងទំនើបជាងមុន ដោយវាមាន Core ដល់ទៅ 6 គ្រាប់ មាន 2 ខ្លាំង និង 4 ទៀតខ្សោយ ដែលជួយឲ្យ iPhone ជំនាន់ក្រោយទាំងអស់រត់បានកាន់តែលឿន ដំណើរការបានកាន់តែរហ័ស ជាមួយនឹងមុខងារថ្មីៗជាច្រើនរបស់ Apple បានបង្កើត និងគ្រោងបង្កើននាពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ ជាមួយនឹង A11 Bionic ម្ចាស់ iPhone X ទាំងអស់នឹងទទួលបានល្បឿនកើនដល់ 25% សម្រាប់ការប្រើប្រាស់ Core មួយគ្រាប់ និងលោតដល់ 70% នៅពេលប្រើ Multithread ឬ CPU ច្រើនក្នុងពេលតែមួយ នេះបើយើងប្រៀបធៀបជាមួយនឹង A10 Fusion នៅលើ iPhone 7 និង 7 Plus។
ជាងនេះទៅទៀត Apple ក៏បានបង្កើនសមត្ថភាពកម្លាំង GPU ឲ្យកាន់តែលឿនជាងមុនផងដែរ ដោយវាដំណើរការបានលឿនជាងមុន 30% ធ្វើឲ្យការប្រើប្រាស់ទៅលើកម្មវិធី លេងហ្គេម រហ័សទាន់ចិត្ត តែយ៉ាងណាក៏ដោយ Apple នៅមិនទាន់បញ្ជាក់ប្រាប់អំពីទំហំ RAM នៅឡើយ ហើយវាគឺជាទម្លាប់ទៅហើយ តែយើងនឹងដឹងអំពីវាក្នុងពេលឆាប់ៗខាងមុខនេះ ដោយ Cambo Report នឹងចេញផ្សាយព័ត៌មានឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
កាមេរ៉ា
iPhone X មានកាមេរ៉ាភ្លោះនៅខាងក្រោយដូច iPhone 8 Plus អញ្ចឹងដែរ តែវាមានសភាពបញ្ឈរមិនមែនផ្ដេកនោះទេ ហើយក៏មានសមត្ថភាពប្រសើរជាងផងដែរជុំវិញការថតរូប និងវីដេអូ ដោយវាទាំង 2 ដើរតួរដូចជា៖
កាមេរ៉ាពពួក Wide Angle Lens ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/1.8
កាមេរ៉ាពពួក Telephoto ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.4
កាមេរ៉ាទាំង 2 នេះមានមុខងារ OIS ទាំង 2 តែម្ដងដូចទៅនឹង Galaxy Note 8 ដែលធ្វើឲ្យការថតរូបកាន់តែមានភាពប្រសើរ ជួយកាត់បន្ថយរំញ័របានល្អ នៅពេលកាន់ជាប់ដៃ ពិសេសគឺវីដេអូថតបានកម្រិត 4K ហើយកម្រិត 1080p អាចថតបានដល់ល្បឿន 240fps ថែមទៀតផង។ Apple បានអះអាងទៀតថា ជាមួយនឹងកាមេរ៉ា iPhone X វាអាចទទួលពន្លឺបានច្រើនជាង iPhone 7 Plus ដល់ទៅ 60% អនុញ្ញាតឲ្យម្ចាស់ iPhone ធ្វើការថតរូបបានកាន់តែច្បាស់ ស្រស់ស្អាត មានកម្រិតគ្រាប់ Noise រំខាតតិចជាងមុន ថែមទាំងអាចថតរូបមានសកម្មភាពលឿនបានល្អទៀតផង។
មិនតែប៉ុណ្ណោះ Apple បានចុចត្រូវចំនុចអ្នកប្រើប្រាស់ស្មាតហ្វូនទូទៅតែម្ដង ដោយកាមេរ៉ាខាងមុខមានទំហំ 7 មេហ្គាភិចសែល ហើយយើងអាចធ្វើការថតរូបបែប Portrait បានទៀតផង ធ្វើឲ្យផ្ទៃមុខរបស់យើងផុះដាច់ពីផ្ទៃ Background បានល្អ អមមកជាមួយនឹងមុខងារផ្លាស់ប្ដូរពន្លឺនៃផ្ទៃខាងក្រោយរូបភាពទៀតផង ដែលអាចប្រើប្រាស់ជាមួយនឹងកម្មវិធីកាមេរ៉ាបាន។
ថាមពលថ្ម
និយាយដល់ថាមពលថ្ម Apple ពុំបានបង្ហើបថា តើកម្លាំងថ្មដែលបានវិចខ្ចប់នៅក្នុង iPhone X មានទំហំកម្លាំងប៉ុន្មាន mAh នោះទេ ដោយអះអាងជាសាធារណៈថា iPhone 10 អាចប្រើប្រាស់ថ្មបានយូជាង iPhone 7 ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា វានៅមិនទាន់មានកម្លាំងថ្មប្រើប្រាស់បានយូប៉ុន្មាននោះទេ អាចមកពីអេក្រង់ធំពេក ក៏ថាបាន។
ប្រព័ន្ធប្រតិបត្តិការ
មិនខុសពី iPhone 8 និង 8 Plus នោះទេ iPhone X ដំណើរការដោយ iOS 11 ចេញពីប្រអប់តែម្ដង ដែលជាប្រព័ន្ធប្រតិបត្តិការទំនើបជាងគេបំផុតក្នុងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ជាមួយនឹងមុខងារថ្មីៗ និងទំនើបជាច្រើន មិនត្រឹមតែសម្រាប់ប្រើនៅលើ iPhone នោះទេ គឺមានមុខងារសម្រាប់ភ្ជាប់ទៅកាន់ Apple Watch, កាស AirPods និងឧបករណ៍ផ្សេងៗទៀត។
បច្ចេកវិទ្យាថ្មីៗ
បច្ចេកវិទ្យាថ្មីមានច្រើនគួរសមនៅលើ iPhone X មានច្រើនគួរសម ដែលពុំមាននៅលើ iPhone 8 និង 8 Plus នោះទេ ដោយ Apple បានកែច្នៃឲ្យវាមានមុខងារពិសេសៗមួយចំនួនដូចខាងក្រោម៖
Face ID ៖ ពុំមានប៊ូតុង Home ទៀតនោះទេ ដូច្នេះការដោះសោរគឺត្រូវប្រើប្រាស់ផ្ទៃមុខទាំងស្រុង ឬប្រើលេខកូដសម្ងាត់ក៏បាន មានន័យថាដោះសោរដោយសម្លឹងមើលទៅលើសេនស័រខាងមុខនៃផ្ទៃអេក្រង់របស់ iPhone X ដោយ Apple បានបំពាក់សេនស័រមួយចំនួននៅផ្ទៃខាងមុខក្បែកាមេរ៉ា ដើម្បីសិក្សាអំពីទម្រង់មុខរបស់ម្ចាស់ iPhone X ដែលមិនងាយនឹងច្រឡំជាមួយនឹងផ្ទៃមុខអ្នកផ្សេងនោះទេ។ មុខងារថ្មីនេះ មិនត្រឹមតែអាចដោះសោរនៅពេលព្រឹក ថ្ងៃនោះទេ សូម្បីតែពេលយប់ក៏អាចដោះសោរបានដូចគ្នា ហើយអ្វីដែលពិសេសនោះគឺ មិនថាអ្នកពាក់មួកថ្មី ផ្លាស់ប្ដូរវែនតា ឬប្ដូរស្ទាយសក់នោះទេ iPhone X នៅតែស្គាល់ទម្រង់ផ្ទៃមុខរបស់ម្ចាស់វា។
Animoji ៖ បង្កើតថ្មីដោយ Apple យើងអាចប្រើប្រាស់មុខងារនេះនៅក្នុង iMessage ដោយអាចជ្រើសរើស Emoji ច្រើនជាង 50 ដោយឲ្យ Emoji និយាយតាមសម្លេងយើងនិយាយ និងធ្វើកាយវិការតាមចិត្តចង់ និងស្គាល់បានគ្រប់ភាសា។
សាកថ្មឥតខ្សែ ៖ iPhone X អាចសាកថ្មឥតខ្សែដូចគ្នា ដោយពុំចាំបាច់ដោយដុយ Lightning ទៀតនោះទេ តែ Apple ពុំបានបង្ហើបថាតើវានឹងចំនាយពេលប៉ុន្មានដើម្បីសាកថ្មមួយពេញឡើយ ដូច្នេះមានតែរង់ចាំមើលការធ្វើតេស្ដជាក់ស្ដែងទើបបានដឹង។
សាកថ្មតាម AirPower ៖ ឆ្នាំងសាកថ្មី ឈ្មោះថ្មី ដែលអាចសាក iPhone, Apple Watch 3 និងកាស AirPods បានដល់ទៅ 3 ក្នុងពេលតែមួយ! អាចសាកជាមួយ iPhone 8, 8 Plus និង X។
ចំនុចអវិជ្ជមាន
សម្រាប់ការយល់ឃើញអំពីក្រុមការងារ មើលឃើញថា Apple ដុសខាត់បានល្អនូវអាវវុធធំរបស់ខ្លួននាចុងឆ្នាំនេះ ដោយវាមានចំនុចចាក់ដោតច្រើនទៅលើសេចក្ដីត្រូវការរបស់មហាជនទូទៅ តែអ្វីដែលជាចំនុចអវិជ្ជមាននោះគឺ យើងមិនសូវជាពេញចិត្តនូវកម្លាំងថ្ម ដែលវាអាចប្រើបានយូជាង iPhone 7 ដែលមានទំហំថ្ម 1960mAh ត្រឹមតែ 2 ម៉ោង? ដូចនេះតើថ្មរបស់ iPhone X អាចរស់បានប៉ុន្មានម៉ោងទៅ? អាចប្រហាក់ប្រហែល iPhone 7 Plus ឬយ៉ាងណា?
តម្លៃ និងថ្ងៃចេញលក់
iPhone X មានតែពីរពណ៌ប៉ុណ្ណោះ គឺខ្មៅចេញប្រផេះ (Space Grey) និងពណ៌ប្រាក់ ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីន 64GB និង 256GB ដោយត្រៀមបើកឲ្យធ្វើការកម្មង់ទុកមុននៅថ្ងៃទី 27 ខែតុលាឆ្នាំ 2017 នេះឯង និងត្រៀមចេញលក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិនៅថ្ងៃទី 3 ខែវិច្ឆិកា ចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ផ្ដើម 999$ សម្រាប់ម៉ូឌែល 64GB។
ចំណាប់អារម្មណ៍
នេះគឺជាការបោះជំហានដ៏ល្អមួយរបស់ Apple ក្នុងការបង្ហាញកំពូលស្មាតហ្វូនមានអេក្រង់លាតរបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ ខណៈកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃទៀតបានបោះទុនចូលរួចទៅហើយ អមមជាមួយសមត្ថភាពមិនធម្មតាផងដែរ តែសំនួរសួរថា តើ iPhone X នឹងអាចទទួលបានជោគជ័យដែលឬទេ? ប្រាកដណាស់គឺអាច បើទោះបីជាវាមានតម្លៃថ្លៃលើស 100០$ ក៏ពិតមែននៅពេលមកដល់ទីផ្សារស្រុកខ្មែរ តែវានៅតែមានអ្នកត្រៀមទិញយកទៅប្រើប្រាស់អញ្ចឹង ព្រោះដូចបានបញ្ជាក់ខាងដើមអញ្ចឹង Apple បានវិចខ្ចប់រាល់ចំនុចសំខាន់ ក៏ដូចជាមុខងារទំនើបៗជាច្រើននៅក្នុង iPhone X ដែលវាបានធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយភាគធំឈ្លក់វង្វេងជាមួយនឹងវារួចទៅហើយ។
សម្រាប់ខ្ញុំផ្ទាល់ តម្លៃដែលថ្លៃជាង iPhone 8 Plus ចំនួន 200$ ក្នុងទីផ្សារអន្តរជាតិមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះអ្វីដែលយើងទទួលបានគឺបទពិសោធន៍មិនធ្លាប់មិនពីមុខមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ជាមួនឹងស្មាតហ្វូនកម្លាំងកប់ មានភាពវ័យឆ្លាត អាចថតរូប និងវីដេអូបានច្បាស់ ថែមទាំងមានសុវត្ថិភាពផងដែរ។ នឹងត្រៀមចេញផ្សាយវីដេអូ Review នៃ iPhone ទាំង 3 ដែលទើបនឹងប្រកាសនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដែលពេលនោះហើយ អ្នកនឹងបានដឹងកាន់តែលម្អិតជាមួយនឹងមុខងារ ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ៗ ដែលពួកវាមាន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។