របរ​ចិញ្ចឹម​មាន់​ស្រែ របស់​កសិករ​នៅ​ភូមិ​សុ​ភី អាច​រកចំណូលបាន​ជិត ២០០០​ដុល្លារ ក្នុង​១​ខែ​

​ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ចុង​សប្តាហ៍​នេះ បាន​អញ្ជើញ​ចេញពី​កម្មវិធី​ចែក​កូន​ត្រី និង​ចុះ​ពិនិត្យ​កសិដ្ឋាន​តា​អ៊ី​៦១៩ ចិញ្ចឹម​មាន់​ស្រែ នៅ​ភូមិ​សុ​ភី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង​។

​លោក ឡេង ស៊ី​វុទ្ធី (​អតីត​ពលករ​កូរ៉េ​) បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា កសិដ្ឋាន​ចាប់ផ្តើម​ចិញ្ចឹម​មាន់​ស្រែ​តាំងពី​ឆ្នាំ​២០១៧ ជា​បណ្តើរៗ​ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ទីរ និង​បទពិសោធន៍​ចិញ្ចឹម​ដែល​ទទួលបាន​ពី​ប្រទេស​កូរ៉េ កសិដ្ឋាន​មានការ​វិវឌ្ឍន៍​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​មាន​មេ​ពូជ​ចំនួន​៣០០ ទុក​បង្កាត់ ភ្ញាស់​យក​កូន​លក់ ៤៥០០-៥០០០​រៀល​/​ក្បាល ហើយ​ក៏មាន​ចិញ្ចឹម​មាន់​សាច់​ផងដែរ​។ បច្ចុប្បន្ន​អាច​រកចំណូលបាន​ពី ១៥០០-២០០០​ដុល្លារ​/​ខែ​។

​តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី លោក វុទ្ធី បាន​សម្តែង​នូវ​អំណរគុណ​សន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​ជំរុញ លើកទឹកចិត្ត​ចិញ្ចឹម​មាន់​ស្រែ​បានទទួល ជោគជ័យ​ដូច​ថ្ងៃនេះ និង​ជាពិសេស​បាន​អរគុណ​សន្តិភាព​ដែល​បាន​ថែរក្សា ការពារ​សន្តិភាព បង្កលក្ខណ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​របស់​កសិកម្ម​ចិញ្ចឹមជីវិត និង​រស់នៅ​ជួបជុំ​គ្រួសារ​ប្រកបដោយ​សុខដុមរមនា​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​គាំទ្រ​ឲ្យ​កសិដ្ឋាន​ខិតខំ​បន្ថែមទៀត ដើម្បី​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង ២០៥០ និង​គួរ​ពង្រីក​អាជីវកម្ម​ដើម្បី​ចូលរួម រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង ដោយ​ឆ្លៀត​យក​ឱកាស​មាស​នេះ​ពង្រីក​អាជីវកម្ម​មាន់​ស្រែ​ស្របតាម​សេចក្តីត្រូវការ​ទីផ្សារ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close