១យប់! ព្រះសង្ឈមួយអង្គ និងមនុស្ស២នាក់ទៀត ត្រូវពស់ចឹក នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់ ក្នុងនោះមានព្រះសង្ឈ១អង្គ បានរងគ្រោះដោយសត្វពស់ចឹក កាលពីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។
បើតាមលោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត បានបញ្ជាក់ថា ជនរងគ្រោះ មានព្រះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨វស្សា គង់នៅវត្តជប់វារី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដ។ រីឯជនរងគ្រោះ២នាក់ទៀត មានឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅចាប់សត្វកណ្តូប នៅវាលស្រែ នៅចំណុច ពាមស្រមោច និងឈ្មោះ សំ លីង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិសលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ត្រូវពស់ចឹក ចំជើងខាងឆ្វេង។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ បានធូរស្រាល និងអាចហូបបបរបាន និងកំពុងបន្តការតាមដាន។
ករណីនេះ អាជ្ញាធរ បានធ្វើការអំពាវនាវ និងសំណូមពរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរហើរ ពេលយប់ ពិសេសមុខរបរចាប់កណ្តូប ចង្រិត និងឆ្លុះសត្វពេលយប់ ក្នុងព្រៃ ឬមានស្មៅឧបទ្រុប បើមានករណីពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យឲ្យបានលឿនជាទីបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។