iPhone 8 និង 8 Plus មកដល់ទីផ្សារកម្ពុជាថ្ងៃនេះ តម្លៃចាប់ពី $៩៤៩ ទៅ $១២៤៩ អាចខុសគ្នាតាមបណ្ដាហាងផ្សេងៗគ្នា
ដូចការបញ្ជាក់របស់ Apple អំពីវត្តមាននៅលើទីផ្សាររបស់កំពូលទូរស័ព្ទ iPhone 8 ទាំងពីរម៉ូដែល គឺនឹងចាប់ផ្ដើមមានលក់ពីថ្ងៃ២២ កញ្ញានេះតទៅ តាមទីផ្សារមួយចំនួន។ គេហទំព័រ techradar បានលើកយកបណ្ដាហាងលក់អនឡាញល្បីៗមួយចំនួន ដែលបានតាំងលក់ iPhone 8/ 8 Plus មានដូចជា៖ amazon.com, mobiles.co.uk, mobilephonesdirect.co.uk និង three.co.uk ជាដើម ជាមួយតម្លៃប្រហាក់ប្រហែលគ្នា អមដោយគម្រោងត្រូវបង់ប្រចាំខែតាមលក្ខខណ្ឌក្រុមហ៊ុនខុសៗគ្នា។
បើតាមការចុះផ្សាយពីគេហទំព័រក្នុងស្រុក Sabay ឱ្យដឹងថា iPhone ថ្មីជំនាន់ទី១០ ទាំងពីរម៉ូដែលនេះ មានតម្លៃចាប់ពី ៩៤៩ដុល្លារ ដល់ ១២៤៩ដុល្លារ ខណៈគេហទំព័រលក់ទំនិញអនឡាញល្បីឈ្មោះ Amazon វិញ ហាក់ឃើញសំបូរច្រើនទៅដោយ iPhone 8 Plus ដែលមានតម្លៃចាប់ពី ១២២០ដុល្លារ (64GB) និងអាចលោតដល់តម្លៃ ១៤៩៥ដុល្លារ (256GB) ហើយតម្លៃក៏អាស្រ័យតាមពណ៌ផងដែរ។
បើតាមការចុះផ្សាយនៅលើគេហទំព័រ geeky-gadgets ឱ្យដឹងថា iPhone 8 មានតម្លៃចាប់ពី ៦៩៩ផោន សម្រាប់ម៉ូដែល 64GB និង ៨៤៩ផោន សម្រាប់ម៉ូដែល 256GB។ iPhone 8 Plus មានតម្លៃចាប់ពី ៧៩៩ផោន សម្រាប់ម៉ូដែល 64GB និង ៩៤៩ផោន សម្រាប់ម៉ូដែល 256GB។ វាមិនដូចទៅនឹងការចេញលក់ iPhone ជំនាន់មុនទេ ដោយសង្កេតឃើញ Apple នៅមានស្តុក iPhone 8 / 8 Plus សម្រាប់ផ្គត់ផ្គង់ដៃគូចែកចាយ ក៏ដូចជាអតិថិជនទិញរាយផងដែរ។ ក្រុមហ៊ុនថែមទាំងចាប់ផ្ដើមចេញលក់ iPhone ស៊េរីថ្មីទាំងពីរម៉ូដែលនៅតាមបណ្ដាហាងលក់រាយមួយចំនួនផងដែរ។
ងាកមក iPhone X ឬ iPhone 10 វិញ គឺអតិថិជនត្រូវរង់ចាំរហូតដល់ខែវិច្ឆិកា ទើបមានលក់លើទីផ្សារ។ បណ្ដាអ្នកគាំទ្រផលិតផល Apple ជាច្រើន ត្រូវគេរាយការណ៍ថា កំពុងទន្ទឹងចាំទិញ iPhone កំពូលមួយនេះ។ នេះអាចជាមូលហេតុមួយ ដែលបរិមាណ iPhone 8/ 8 Plus អាចទប់ទល់ការផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ន។
iPhone X នឹងត្រូវដាក់ឱ្យកក់ទុកមុនចាប់ពីថ្ងៃទី២៧ តុលាខាងមុខ ហើយនឹងមានលក់លើទីផ្សារជុំវិញពិភពលោកចាប់ពីថ្ងៃ៣ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។