កម្ពុជា នឹង​ប្រែក្លាយ​តំបន់ការពារធម្មជាតិ ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​

​ភ្នំពេញ​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោ​លន​យោ បាយ​ប្រែក្លាយ​តំបន់ការពារធម្មជាតិ​ដែល មាន​សក្តានុពល​ទេសចរណ៍​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​សហគម​ន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើឱ្យមាន​កំណើន សេដ្ឋកិច្ចជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​»​។

​នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​នៅ​អំឡុង​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ និង​សហគមន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣ និង​ទី​៤ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ​។ ជំនួប​ដែល​សម្របសម្រួល​រៀបចំ​ដោយ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) ដែលជា​អង្គ​ដៃគូ​របស់​ក្រសួងបរិស្ថាន​ផ្តល់ជំនួយ​បច្ចេកទេស ចូលរួម​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​ស្វែងយល់​ពី​អត្ថប្រយោជន៍ ដែល​សហគមន៍​ទទួលបាន​ពី​ការអនុវត្ត​គម្រោង​រេ​ដ​បូក​លក់​ឥណទាន​កបូន​និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា​បច្ចុប្បន្ននេះ បច្ចុប្បន្ននេះ គោលនយោបាយ​នេះ​បាន​ក្លាយជា​ការពិតហើយ​បាននិងកំពុង​តែ​អនុវត្ត​និង​ផ្តល់​ផ្លែផ្កា ខណៈ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាននិងកំពុង​ជំរុញ​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅតាម​តំបន់​ការពារ ធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។ តំបន់ ការពារ​ធម្មជាតិ​នានា​ដែល​ពោរពេញ ដោយ​សក្តានុពល​ទេសចរណ៍​។

​ឯកឧត្តម បាន​ថ្លែងថា គ្រាន់តែ​នៅក្នុង​ខេត្ត​មណ្ឌល គិរី​តែមួយ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​កំពុងដំណើរការ​មាន​ចំនួន​ជាង ៣០ កន្លែង​ដែល​រួមមាន​ភ្នំ ទឹកជ្រោះ ព្រៃឈើ និង​សត្វព្រៃ និង​វាលស្មៅ​ជាដើម​។ ខេត្តមណ្ឌលគិរី​មាន​តំបន់​ដែន​ជម្រក​សត្វ ព្រៃ​ចំនួន ៥ រួមមាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែន​ជម្រក សត្វព្រៃ​លំផាត់ និង​របៀង​អភិរក្ស​ជីវៈ​ម្រុះ​ឦសាន​ដែលមាន​ផ្ទៃដី​សរុប​ទំហំ​ជាង ១,១​លាន​ហិកតា មាន​តំបន់​ច្រើន​ដែលមាន សក្តានុពល​ដែល​អាច​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​បន្ថែមទៀត​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។​

​បើតាម​ការឱ្យ​ដឹង​រប​ស់​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​នៅក្នុង​ដែនជម្រកសត្វព្រៃ កែវ​សីមា​មាន​ទឹកធ្លាក់​ធម្មជាតិ​ប្រកបដោយ ទេសភាព​ដ៏​ល្អ​ស្អាត​គួរ​ជាទី​ទាក់ទាញ​ចំនួន ១០ កន្លែង​ដូចជា​ទឹកធ្លាក់​លែង​អង លែង​ឃិន​ជាដើម ហើយ​បច្ចុប្បន្ននេះ ក្រសួង បរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ដែលជា​ដៃគូ​ក្នុង​ការងារ​ការពារ​និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាននិងកំពុង​ផ្តល់​ការគាំទ្រ​ទាំង​ស្មារតី និង បច្ចេកទេស​ដល់​ប្រជា​សហ គម​ន៍​ដើម្បី​បង្កើត​សហគមន៍​ទេសចរណ៍ធម្មជាតិ​។

​សហគមន៍​ទេសចរណ៍ធម្មជាតិ​អណ្តូង​ក្រឡឹង​ស្ថិតក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ក្នុង​គម្រោង​អភិរក្ស​សត្វ​ស្វា​កន្ទុយ​ស​និង​សត្វ​ទោច​ថ្ពាល់​លឿង​បាន​និង កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាពិសេស​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​សត្វ​កម្រ​នៅលើ​ពិភពលោក​នេះ​។ ក្នុង​មួយឆ្នាំ ២០១៩ កន្លងទៅ សហគមន៍​ទេសចរណ៍ ធម្មជាតិ​អណ្តូង​ក្រឡឹង​បានទទួល​ភ្ញៀវ ទេសចរ​ប្រមាណ​ជាង ៤៥០​នាក់ បាន​ចំណូល​ជាង ១៧០០០ ដុល្លារ​អាមេរិក​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ចំណូល នេះ​បាន​ធ្លាក់​ទៅដល់​ដៃ​ប្រជា​សហគមន៍​។​

​ដែនជម្រកសត្វព្រៃ​កែវ​សីមា​មិន​ត្រឹម​តែមាន​សារៈសំខាន់​ជា​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ រុក្ខជាតិ​កម្រ​នៅលើ​ពិភពលោក​នោះទេ ប៉ុន្តែ​ជាទី​កន្លែង​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ ព្រោះ​មាន​ទីតាំង​ព័ទ្ធ​ទី​រួម​ខេត្តមណ្ឌលគិរី និង​មាន​រុក្ខជាតិ​កម្រ និង​ផ្កា​ព្រៃចម្រុះ​ពណ៌ ដ៏​ស្រស់ស្អាត មាន​ទឹកធ្លាក់​ធម្មជាតិ​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ការអញ្ជើញ មក​ទស្សនា​កម្សាន្ត​នៅតាម​សហគមន៍ ទេសចរណ៍ធម្មជាតិ​នានា​នឹង​ជួយ​គាំទ្រ ដល់​ការងារ​អភិរក្ស បង្កើត​សេដ្ឋកិច្ច​នៅ មូលដ្ឋាន បង្កើត​ជម្រើស​មុខរបរ​ថ្មី​ដល់​ប្រជា​សហគមន៍​និង​ផ្តល់​ចំណូល​សម្រាប់​ជីវភាព​របស់​ពលរដ្ឋ ក៏ដូចជា​ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។ ឯកឧត្តមរ​ដ្ឋេ​ខា​ធិ​ការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​អំណរ គុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នេះ និង​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​តំបន់ ទេសចរណ៍ធម្មជាតិ​នានា​។​

​សូមបញ្ជាក់ថា  ​ក្រៅពី​ទេសភាព​ដ៏​ល្អ​ស្អាត​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ថ្មី​ជាច្រើន​ទៀត ដែល​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវ​ទេស ចរណ៍​ដូចជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​រលា​ក់​កងជើង (​ភ្នំ​ខ្នង​ផ្សារ​) ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ សហគមន៍​ផាត់​សណ្ដាយ​ខេត្ដ​កំពង់ធំ សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ខេត្តសៀមរាប និង​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង តំបន់​វាល​ធំ​នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្តរតនគិរី​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន ក៏បាន​ស្នើ​សុំឱ្យ​បងប្អូន​ប្រជាព​លត​ដ្ឋ​ដែល​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ​ទាំងនោះ សូម​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការបោះ​សំណល់​ពាសវាល​ពាសកាល​ដែល​ធ្វើឱ្យ​ខូច​សោភ័ណភាព និង​ទេសភាព​ដ៏​ល្អ​ស្អា​តនៃ​តំបន់​ទេសចរណ៍ធម្មជាតិ​ទាំងនោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close