រចនាសម្ពន្ធកំពែងទី៣ប្រាសាទបន្ទាយស្រី ត្រូវបានជួសជុលឱ្យផុតពីហានីភ័យ
ខេត្តសៀមរាប៖ រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។
គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្គ្រោះរចនាសម្ពន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។
លោក សារាយ គឹមហួល បុរាណវិទូនិងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី ឱ្យដឹងពីមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ពន្ធរបស់កំពែងនិងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើសង្កត់ រីឯប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឱ្យ ស្រុត ទ្រេត និង ប្រេះខូចខុសពីទម្រង់ដើម។
ប្រាសាទបន្ទាយស្រីបានចាប់ផ្តើមអភិរក្សឡើងវិញអំឡុងឆ្នាំ១៩១៦ដោយជនជាតិបារាំង។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃនិងចាប់ផ្តើមសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal។
នៅឆ្នាំ២០០៥ ប្រទេសស្វីសនិងអាជ្ញាធរជាតិអប្សរាបានសហការធ្វើកំណាយស្រាវជ្រាវសង្គ្រោះប្រាសាទដើម្បីរក្សាសោភ័ណភាពពីបុរាណ ហើយរៀបចំជាទីលានបដិសណ្ឋារកិច្ចដំបូងគេនៅឧទ្យានអង្គរ។
ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារនិងកំពែងថ្មបាយក្រៀម ដោយរក្សាទម្រង់ដើមរបស់សំណង់និងគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារនិងប្រវត្តិនៃសំណង់ជាដើម។ ទោះជាយ៉ាងណា បន្ទាយស្រីក៏នៅមានរចនាសម្ពន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។