សិប្បកម្ម​កែច្នៃ​ឫស្សី​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ ជួយ​ពលរដ្ឋ​ឱ្យ​ងាក​មក​ស្រលាញ់​ព្រៃឈើ​សម្រាប់​កូនចៅ​ត​ជំនាន់​

​សិប្បកម្ម​កែច្នៃ​ឫស្សី​ខ្នាតតូច​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ​ស្ថិតនៅ​ភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​បាន​ជួយ​ពលរដ្ឋ​ឱ្យ​ងាក​មក​ស្រលាញ់​ព្រៃឈើ​សម្រាប់​កូនចៅ​ត​ជំនាន់​។​ការឈប់​កាប់បំផ្លាញ​ព្រៃ​ហើយ​ប្តេជ្ញា​ការពារ ធម្មជាតិ​ព្រៃព្រឹក្សា​លតា​វល្លិ​ដោយ​ក្តី​ស្រលាញ់​នេះ បន្ទាប់ពី​ពលរដ្ឋ​ក្នុង​សហគមន៍​ទទួល​បានការ​ការបង្រៀន​វិជ្ជាជីវៈ​សិប្បកម្ម​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)​ដោយមាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ជំនួស​ឱ្យ​ការចូល​ព្រៃ​កាប់​ឈើ​លក់​ខុសច្បាប់​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុងពេល​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​និង​អ្នកសារព័ត៌មាន​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ការរៀបចំ​គម្រោង​រេ​ដ​បូក​និង​ការគ្រប់គ្រង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៥​ខែតុលា​ថា​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​កែច្នៃ​ឫស្សី​ឱ្យទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ​ជា​ផ្នែក​មួយ​លើកស្ទួយ​សេដ្ឋកិច្ច​មូលដ្ឋាន​និង​ផ្តល់នូវ​ជម្រើស​ថ្មី​នៃ​មុខរបរ​របស់​ប្រជាពលរដ្ឋ​សម្រាប់​រក​ចំណូល​ចិញ្ចឹមជីវិត​។​

​ជាពិសេស​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​កំពុងតែ​ជំរុញ​លើ​សេដ្ឋកិច្ច​មូលដ្ឋាន ពីព្រោះថា អ្វីដែល​សំខាន់​គឺ​ការធ្វើឱ្យមាន​និរន្តរភាព​នៃ​ការការពារ​លើ​ធនធានធម្មជាតិ និង​បរិស្ថាន គឺ​ព្រៃឈើ សត្វព្រៃ​មាន​និរន្តរភាព​បាន​ទាល់តែ​យើង​មាន​អ្វីដែល​អាច​ជំនួស​មុខរបរ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​បា​នប​ន្ត​ថា «​ពីមុន​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេះ ចូល​ព្រៃ​ដើម្បី​រក​ផល​និង​អនុផល​ព្រៃឈើ​ហើយ​សកម្មភាព​ខ្លះ​គឺ​ខុសច្បាប់​ទៀត ប៉ុន្តែ​ឥឡូវនេះ​គាត់​បាន​កែប្រែ​នូវ​មុខរបរ​របស់គាត់​គឺ​ពី​ការចូល​ព្រៃ​ទៅ​បរបាញ់​សត្វ​ទៅ​កាប់​ឈើ​ឬ​ទៅ​ប្រមូល​អនុផល​ព្រៃឈើ​មកជា​ការកែច្នៃ​នូវ​វត្ថុ​អនុស្សាវរីយ៍​ឬ​របស់របរ​ប្រើប្រាស់​ចេញពី​ដើម​ឫស្សី​»​។​

​លោក ង៉ឺ​ម ឡូញ ប្រធាន​ក្រុម​កែច្នៃ​ឫស្សី​បាន​និយាយថា អ្នក​ដែល​បាន​ក្លាយជា​ខ្លួន​ជា​សមាជិក​សហគមន៍​ការពារ​ធម្មជាតិ​មានមុខរ​បរមាន​ជម្រើស​ថ្មី​ហើយ ពួកគាត់​អត់​វិល​ត្រលប់​ទៅរក​មុខរបរ​ចាស់​របស់គាត់​ទេ​។​ផ្ទុយ​មកវិញ​អ្នកមួយ​ចំនួន​ដែល​គាត់​ចូលទៅ​ព្រៃ​កាប់​ឈើ​ពេលដែល​ឃើញ​សមាជិក​សហគមន៍​ការពារ​ព្រៃ​ធម្មជាតិ​របស់គាត់​មាន​ចំណូល​បានមកពី​ការកែច្នៃ​វត្ថុ​អនុស្សាវរីយ៍ គាត់​ចាប់ផ្តើម​ស្នើ​សុំចូល​ជា​សមាជិក​ជា​បន្តបន្ទាប់​។​

​លោក ង៉ឺ​ម ឡូញ បាន​បញ្ជាក់ថា «​សហគមន៍​ខ្ញុំ​អត់​ទៅ​កាប់​ឈើ អត់​ទៅ​បំផ្លិចបំផ្លាញ​ទៅ​ទន្ទ្រានព្រៃ​យក​ដី​កាន់កាប់​អី​ទេ​គឺ​ពួកយើង​ចង់​រក្សា​ឈើ​ឱ្យនៅ​ឈរ ពីព្រោះ​យើង​ចង់ឱ្យ​តួនាទី​ឈើ​នេះ​បាន​ប្រយោជន៍​ទៅឱ្យ​ពួកយើង ត​កូន ត​ចៅ និង​មនុ​ស្សរាប់​ជំនាន់​តទៅទៀត​»​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រសួងបរិស្ថាន​និង​អង្គការ​WCS​បណ្តុះបណ្តាល​ពលរដ្ឋ​ឱ្យ​ចេះ​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​នេះ កំពុងតែ​ដើរ​នៅលើ​ផ្លូវត្រូវ​នៅក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​តាមរយៈ​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​បង្កើន​ជីវភាព​សហគមន៍ ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ចំណូល​របស់គាត់​ដោយ​យើង​ក៏​រាប់បញ្ចូល​ផងដែរ​នូវ​ផលប្រយោជន៍​ដែល​គាត់​ទទួលបាន​ពី​គម្រោង​ឥណទាន​កាបូន​ក្នុង​មួយឆ្នាំ​ពួកគាត់​មួយ​ភូមិ​ទទួល​បានជា​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​នៅក្នុង​ឃុំ​ស្រែ​ព្រះ​នេះ​ទទួលបាន​ចំនួន​៥​ភូមិ​សរុប​ជារួម​បាន​ជាង​៥​ម៉ឺន​ដុល្លារ​សម្រាប់​យកទៅ​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ សម្រាប់​បង្កើត​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ជាដើម​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងបន្តថា ការបង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ការបង្រៀន​វិជ្ជាជីវៈ​សិប្បកម្ម​ដល់​ពលរដ្ឋ​មូលដ្ឋាន​នេះ សហគមន៍​រក្សាបាន​ទាំង​ឈើ​ឈរ និង​បាន​លុយ​ពី​តួនាទី​របស់​ឈើ​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close