ឆេះអាគារកំពស់៣៣ជាន់ នៅកូរ៉េខាងត្បូង រងរបួសមនុស្ស ៨៨នាក់
កូរ៉េខាងត្បូង៖ អគ្គិភ័យមួយបានឆាបឆេះពេញតួអាគារលំនៅដ្ឋានដ៏ខ្ពស់មួយ នៅទីក្រុងកំពង់ផែ អ៊ុលសាន របស់កូរ៉េខាងត្បូង កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យមានមនុស្សប្រមាណ៨៨នាក់ទទួលរងរបួស នេះបើតាមសារព័ត៌មាន AP នៅថ្ងៃ០៩ ខែតុលា ឆ្នាំ២០២០។
រូបពីកន្លែងកើតហេតុបង្ហាញដុំភ្លើងដ៏ធំរត់ឡើងលើតួអាគារកំពស់៣៣ជាន់យ៉ាងលឿនរហូតដល់ដំបូល នៅពេលបុគ្គលិកពន្លត់អគ្គិភ័យព្យាយាមពន្លត់ពីក្រោយទៅ ។ មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗនៅឡើយថាតើមានអ្នកស្លាប់ ឬ របួសធ្ងន់ដែរឬទេ? តែក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបញ្ជាក់ថា មនុស្ស៨៨នាក់ត្រូវបាននាំទៅព្យាបាលដោយសាររងរបួសតិចតួច ដូចជារលាត់ស្បែក និងឈ្លួកផ្សែង។
មនុស្សរាប់រយនាក់ត្រូវបានជម្លៀសនៅពេលអគ្គិភ័យចាប់ផ្តើមឡើង ហើយមនុស្ស៧៧នាក់ត្រូវបានសង្គ្រោះចេញពីដំបូលអាគារ និង កន្លែងផ្សេងទៀតក្នុងអាគារ។ ជាមួយគ្នានេះ មន្ត្រីកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ ដែលបានចាប់ផ្តើមចេញពីយ៉នៅជាន់ក្រោមមួយ និងឆាបឆេះរាលឡើងលើនៅខាងក្រៅអាគារយ៉ាងលឿនដោយសារខ្យល់ខ្លាំង។ អគ្គិភ័យនេះទើបអាចពន្លត់បានទាំងស្រុងនៅម៉ោង៩ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។