អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ដាំ​ប្រភេទ​ផ្កា​ព្រៃ នៅតាម​ផ្លូវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​ខេត្តសៀមរាប​៖ ជា​ចំណែក​ដើម្បី​អភិរក្ស​ពូជ​ផ្កា​ព្រៃ ក៏ដូចជា​ការ​លម្អ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​រៀបចំ​ដាំ​ដើម​ផ្កា​ព្រៃ​លម្អ​តាម​បណ្ដោយ​ផ្លូវ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​រៀបចំ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​ពង្រីក​ការរៀបចំ​នៅ​តំបន់​ជុំវិញ​បន្ថែមទៀត​។​

​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​ជុំវិញ​ការរៀបចំ​នេះ​យ៉ាង​ដូច្នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​គិតគូរ​ពី​ការរៀប​ចំនេះ​រួចរាល់​ហើយ ហើយ​គម្រោង​នេះ​បានចាប់ផ្តើម​មុនគេ​នៅតាម​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ដែល​ដាំ​ប្រភេទ​ផ្កា​ព្រៃ​មួយចំនួន​មានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្កា​រលួស និង​ផ្ការំដួល​ជាដើម​។ ឯកឧត្តម​អគ្គនាយក​បន្ថែមថា ទៅ​ថ្ងៃក្រោយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យកគំនិត​នេះ​ដើម្បី​រៀបចំ​ដាំ​នៅតាម​បណ្ដោយ​ផ្លូវ​វង់​តូច​វង់​ធំ គឺ​ត្រូវមាន​ផ្កា​ចម្រុះ​ពណ៌ ដើម្បី​ជា​ទស្សនីយភាព​កាន់តែ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ពេល​ជិះ​កាត់​តាមផ្លូវ​ទាំងនោះ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នៅមុខ​ប្រាសាទអង្គរវត្ត ក្នុង​ពិធី​ដាំ​ដើម​ព្នៅ​ជាមួយ​ព្រះសង្ឃ ឯកឧត្តម ហង់ ពៅ បាន​បន្ថែមថា ក្រៅពី​កិច្ចការ​ការអភិរក្ស​ពូជ​ផ្កា​ព្រៃ​ហើយ ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​គិតពី​ពូជ​ផ្កា​ណា​ដែលមាន​ក្លិនក្រអូប​ផងដែរ ដែល​ក្លិន​របស់​វា​ជា​ចំណែក​មួយ​ក្នុងការ​ទាក់ទាញ និង​ធ្វើឱ្យ​ទេសចរ​មាន​អារម្មណ៍ល្អ​ពេល​ដើរកាត់​សួនផ្កា​ទាំងនោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close