ប្រព័ន្ធ​សម្ពាធ​ទាប និង​ព្យុះ​ទី​១៥ ធ្វើ​ឲ្យ​ទឹកទន្លេ ហក់​ឡើង​នឹង​ក្លាយជា​ទឹកជំនន់​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បានចេញ​សេ​ចេ​ក្តី​ជូនដំណឹង​មួយ​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ស្ថានភាព​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន ដែល​កន្លងមក​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប បាន​ឡើង​មួយកម្រិត​មកហើយ​នោះ និង​គួបផ្សំ​នៅ​យប់​ថ្ងៃនេះ​ព្យុះ​ទី​១៥ ឈ្មោះ លីន​ហ្វា (LINFA) បាននិងកំពុង​មាន​ឥទ្ធិពល​មកលើ​តំបន់​ប៉ាក់​សេ​ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ក្រសួង​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ​នឹង​បង្ក​ឲ្យ​៖

​ទី​១៖ ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់​។​
​ទី​២៖ រីឯ​ទឹកទន្លេ​មេគង្គ នៅ​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម នឹង​ហក់​ឡើង​បន្តិច តែ​ការ​ហក់​ឡើង​នេះ​ស្ថិតនៅ​ទាប​ជាង​កម្រិត​កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ជាមួយគ្នានេះ ចំពោះ​បណ្តា​ខេត្ត​ដែលមាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវមាន​វិធានការ​ក្នុងការ​បើកទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅតាម​ព្រែក បណ្តា​អាងទឹក​នានា និង​តំបន់​ទំនាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close