ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត អាចងើបឡើងទៀត ដោយសារទ្វារទឹក នៅរលាំងជ្រៃបើកបន្ថែម
ភ្នំពេញ៖ គិតមកដល់ព្រឹក ថ្ងៃ១២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត មានដូចខាងក្រោម៖
១-កម្ពស់ទឹក
-នៅលើសំណង់បង្ហៀរកម្ពស់ទឹក ៥,៦៣ហូរលើបង្ហៀរ០,៨៣ម៉ែត្រ កើនជាងម្សិលមិញ០,២២
-ផ្នែកខាងក្រោយ សំណង់៨,៣៥ម៉ែត្រ ធៀបពីម្សិលមិញ កើន ០,២៥ម៉ែត្រ
-នៅតាមដងស្ទឹង វត្តក្តុលទឹកកើន០,៣ម៉ែត្រ
២-សកម្មភាពការងារ
-ចុះតាមដានសភាពទឹកតាមដងស្ទឹង
-ដឹកដីចាក់ត្រង់ចំណុចដែលមានរូងនាគ
-ទីតាំងគ្រឿងចក្រឈជើង៤ទីតាំង
-រៀបបាវខ្សាច់នៅជិតវត្តចំការខ្សាច់បន្ត
៣-ល្ងាចនេះ ទឹកអាចងើបឡើងបន្តិចដោយសារទ្វារទឹកនៅរលាំងជ្រៃបើកបន្ថែម។
គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
សូមបញ្ជាក់ថា ស្ថានភាពទឹកនៅបន្តឡើងបន្ថែមទៀត តែមិនទាន់មានអ្វីដែលជាការយាយីដល់រាជធានីភ្នំពេញនៅឡើយទេ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងបានធ្វើការបិតរូងនាគជាច្រើនកន្លែងនៅតាមតួទំនប់ និងយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង អស់រយៈពេលជាង១សប្តាហ៍មកហើយ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។