បុរីទេសចរណ៍ និងវប្បធម៌ធំមួយទៀត ឈ្មោះ«បឹងតារាច័ន្ទ» នឹងលេចរូបរាងនៅតារាសាគរ
ខេត្តកោះកុង៖ កាលពីចុងសប្តាហ៍នេះ ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យទេសចរណ៍ដ៏ធំមួយនៅកម្ពុជានោះ បានបញ្ចេញគម្រោងថ្មីមួយទៀតនៅតំបន់តារាសាគរ នោះគឺគម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាច័ន្ទ ដើម្បីបម្រើសេចក្ដីត្រូវការបន្ថែមសម្រាប់ភ្ញៀវទេសចរជាតិក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន និងដើម្បីត្រៀមទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិ ក្រោយពេលវិបត្តិជំងឺកូវីដនេះ ត្រូវបានបញ្ចប់នាពេលខាងមុខ។
នាឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម បានកោតសរសើរចំពោះក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដែលបានខិតខំអភិវឌ្ឍនូវសម្បទាទ្រទ្រង់ និងផលិតផលទេសចរណ៍ថ្មីៗជាច្រើននៅក្នុងតំបន់តារាសាគរ ខេត្តកោះកុង និងបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគួរជាទីកត់សម្គាល់។ ជាក់ស្តែង គម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាច័ន្ទនេះ គឺជាគម្រោងអភិវឌ្ឍន៍មួយក្នុងចំណោមគម្រោងអភិឌ្ឍន៍ដទៃទៀតនៃគម្រោង Stardream។
លោកជំទាវ មិថុនា ភូថង ក៏បានឱ្យដឹងដែរថា គម្រោងខាងលើនេះជាឱកាសដ៏ពិសេសមួយសម្រាប់កម្ពុជា ជាពិសេសខេត្តកោះកុងផ្ទាល់ ដែលនឹងមានសហគមន៍ភូមិគ្រឹះចម្រុះអេកូទេសចរណ៍ដែលមានលក្ខណៈធម្មជាតិ និងថ្មីដំបូងគេបង្អស់លេចរូបរាងឡើង។ បុរីទេសចរណ៍ និងវប្បធម៌តារាច័ន្ទនេះនឹងក្លាយជាសមិទ្ធផលទេសចរណ៍ដ៏ធំមួយទៀត ដែលនឹងអាចចូលរួមស្តារវិស័យទេសចរណ៍ខេត្តកោះកុង។
ជាមួយគ្នានោះ ឯកឧត្តម ប៉ាក់ សុខុម បានស្នើដល់ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក នូវចំណុចសំខាន់ៗចំនួន ២៖
ទី១៖ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ធ្វើយ៉ាងណាឱ្យទីនេះជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ និងផ្តល់ការកម្សាន្តប្រកបដោយភាពពេញចិត្តដល់វិនិយោគិន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទាំងអស់។
ទី២៖ ជួយបណ្តុះបណ្តាល និងប្រើប្រាស់បុគ្គលិកជនជាតិខ្មែរឱ្យបានច្រើន ក៏ដូចជាបង្កើនសកម្មភាព ពង្រីកវិសាលភាពរមណីយដ្ឋានឱ្យកាន់តែច្រើន ដើម្បីភ្ញៀវទេសចរ ជាពិសេសភ្ញៀវជាតិមកកម្សាន្តនៅទីនេះឱ្យបានកាន់តែច្រើន។
ដូចអ្វីដែលថ្នាក់ដឹកនាំកម្ពុជាបានរំពឹងទុក តារាសាគរនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើ និងធ្វើសមាហរណកម្មទៅក្នុងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាពទាក់ទាញក្នុងវិស័យទេសចរណ៍ សេវាកម្មសាធារណៈ នវានុវត្តន៍ និងទំនាក់ទំនងវប្បធម៌នៅអាស៊ីអាគ្នេយ៍ ព្រមទាំងកសាងគម្រោងនេះឱ្យទៅជាតំបន់គំរូនាំមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចនៅលើពិភពលោកផងដែរ។
គួរជម្រាបថា គម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាចន្ទនេះ មិនត្រឹមតែជាផលិតផលល្អបំផុតក្នុងស៊េរីគម្រោងតារាច័ន្ទក្នុងតារាសាគរប៉ុណ្ណោះទេ ថែមទាំងជាផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីរបស់ខេត្តកោះកុងផងដែរ។ តារាសាគរស្ថិតនៅជិតមាត់សមុទ្រ និងបឹងបៃតង ដែលពោរពេញទៅដោយប្រព័ន្ធជីវចម្រុះ និងធម្មជាតិ ជាតំបន់អភិរក្សព្រៃកោងកាងធំជាងគេទី២ នៅក្នុងពិភពលោកដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤៧.៧៤ គីឡូម៉ែត្រការ៉េ គួបផ្សំនឹងឆ្នេរខ្សាច់យ៉ាសក្បុសចម្ងាយ ៩០ គីឡូម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។