ខ្យល់ព្យុះ និងទឹកជំនន់ នៅប្រទេសវៀតណាម ស្លាប់ និងបាត់ខ្លួន ៣០នាក់
វៀតណាម៖ មនុស្សស្លាប់ចំនួន ១៧នាក់ និងបាត់ខ្លួន ១៣នាក់ទៀត នៅក្នុងគ្រោះធម្មជាតិខ្យល់ព្យុះ និងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគកណ្តាលប្រទេសវៀតណាម នេះបើតាមប្រភពពីទូរទស្សន៍រដ្ឋវៀតណាម VTV ចេញផ្សាយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ទិន្នន័យបឋមបានឱ្យដឹងថា ព្យុះភ្លៀងដែលបានកើតមានឡើងកាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអាហារបរិភោគ មនុស្ស៣ម៉ឺន១ពាន់នាក់ត្រូវបានជម្លៀស និងផ្ទះសម្បែងសរុប៣ម៉ឺន៣ពាន់ខ្នងរងការលិចលង់ ឬបំផ្លិចបំផ្លាញ។ ជាមួយគ្នានេះ ក្រុមឆ្មាំសមុទ្ររបស់វៀតណាមបានព្យាយាមជួយសង្គ្រោះពលរដ្ឋចេញពីកន្លែងដែលជាប់គាំង ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងមធ្យោបាយផ្សេងទៀតដែលអាចទៅរួច ជាពិសេសនៅក្នុងខេត្តក្វាងទ្រី ដែលកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។
បន្ថែមលើនេះ នៅភាគកណ្តាលប្រទេសវៀតណាមក៏ត្រូវបានអាជ្ញាធរព្យាករណ៍ដែរថា នឹងទទួលរងការវាយប្រហារដោយព្យុះទីហ្វុង លីនហ្វា ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំ ខ្យល់បោកបក់ខ្លាំង និងគ្រោះទឹកជំនន់។ ហើយក្រៅពីវៀតណាម ឡាវ និងកម្ពុជាក៏សុទ្ធតែកំពុងទទួលរងឥទ្ធិពលពីព្យុះទីហ្វុង លីនហ្វា នេះដូចគ្នាដែរ ខណៈអាជ្ញាធរប្រទេសនីមួយៗកំពុងបង្កើនការប្រកាសអាសន្ន និងជួយសង្គ្រោះប្រជាជនដែលងាយរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។