រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អ៊ឺរ៉ុប ក្នុង​គោលបំណង​កែប្រែ​ប្រួល​អាកាសធាតុ និង​បរិ​យាប​ន្ន​ន័យ​នៃ​វិស័យ​វារីវប្បកម្ម​

​ភ្នំពេញ​៖ កម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវ​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ សម្រាប់​រយៈពេល ០៦​ឆ្នាំ​។ កម្មវិធី​នេះ មាន​គោលបំណង​ចំបង​គាំទ្រ​នូវ​ឆន្ទ​:​សម្រេច​ឲ្យ​បានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​វារីវប្បកម្ម​ដើម្បី​ចូលរួម​ធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ជលផល​។

​យោង​លើ​កម្មវិធី​ដ៏​មាន​សារ សំខាន់​មួយ​នេះ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចំរុះ​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ សហភាព​អឺរ៉ុប និង​តំណាង​អង្គការ AFD FAO និង UNIDO អញ្ជើញ​មកកាន់​ទឹកដី​អង្គរ ក្នុង​បំណង​ចុះមក​ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្ម វិធី​ខាងលើ​នៅតាម​ចំណុច​គោលដៅ​នៃ​កម្មវិធី​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
​អញ្ជើញ​ចុះមក​ពិនិត្យ​សិប្បកម្ម​កែច្នៃ​ផល និង​ផលិតផល​ជលផល របស់លោក សំណាង សុធា (​លេខ​ទំនាក់ទំនង ០៩២ ៤២២ ៤០៤) ភូមិ​អា​រ៉ា​ញ់ ឃុំ​សៀមរាប ក្រុង​សៀមរាប​។

​លោក សុធា បាន​ឲ្យ​ដឹងថា​សិប្ប​កម្មនេះ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ ជា​លក្ខណ​គ្រួសារ ជា​បណ្តើរៗ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល​ទាំង​បច្ចេកទេស​កែច្នៃ គោលការណ៍​ណែនាំ​ស្តីអំពី​ការអនុវត្ត​អនាម័យ​ល្អ​(Good Hygiene Practices) ការអនុវត្ត​ផលិតកម្ម​ល្អ (Good Manufacturing Practices) និង​គោលការណ៍ HACCP (Hazard Analysis Critical Control Point) និង​ជាពិសេស​តម្រូវការ​ទីផ្សារ​ខ្ពស់​។

​បច្ចុប្បន្ន លោក​សុធា មាន​ផលិត​ត្រីងៀត​ត្រី​រ៉ស់ ត្រី​ឆ្តោ និង​ត្រី​អណ្តែង ផ្អក​ត្រី​ប្រា ប្រហុក ម៉ាំត្រីរ៉ស់ និង​ត្រី ផាត់ ដោយ​ប្រើប្រាស់​ផល និង​ផលិតផល​ជលផល​ក្នុងស្រុក​ទាំងស្រុង ជា​មធ្យម​ពី ៩០- ១០០​តោន​/​ឆ្នាំ (​ត្រី​ចំរុះ​គ្រប់​ប្រភេទ​) ផល​ត្រី​ទាំងនោះ​ភាគច្រើន​ទទួល​ទិញ​ពី​កសិដ្ឋាន​ចិញ្ចឹម និង​ប្រជា​នេសាទ​នៅ​មូលដ្ឋាន​នេះ​ផ្ទាល់​។

​ផលិតផល​កែច្នៃ​ទាំងអស់​យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ក្នុង​ខេត្តសៀមរាប​ទាំងមូល​ប្រមាណ ៥០% រាជធានី​ភ្នំពេញ ៣០% និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ២០%​។ ចំណូល​ដែល​បានមកពី​សិប្ប​កម្មនេះ​ជា​មធ្យម​ជាង ៥០ ០០០​ដុល្លារ ហើយ​លោក​គ្រោង​នឹង​បង្កើន​បរិមាណ​ផលិត ១០% រៀងរាល់ឆ្នាំ​។ ​ក្រោយពី​បាន​អញ្ជើញ​ពិនិត្យឃើញ​ទិដ្ឋភាព​ជារួម​របស់​សិប្បកម្ម​កែច្នៃ និង​សកម្មភាព​ជាក់ស្តែង រួចមក​ឯកឧត្ដមរ​ដ្ឋ​មន្ត្រី និង​លោកជំទាវ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង ប្រែង ជំនះបាន​នូវ​រាល់​ឧបសគ្គ​គ្រប់បែបយ៉ាង​ឈាន​មក​សម្រេចបាន​ជោគជ័យ​ដូច​អ្វីដែល​យើង​បានឃើញ​នាពេលនេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​លោក​សុធា ត្រូវ​បន្ត​រក្សា​មុខរបរ​នេះ និង​គួរ​ពង្រីក​ផលិតកម្ម​បន្ថែម​ដើម្បី​បំពេញ​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​។ មួយវិញទៀត សិប្បកម្ម​កែច្នៃ​ផល និង​ផលិតផល​ជល ផល នេះ​គឺជា​សិប្បកម្ម​មាន​លក្ខណ​ជា​តំបន់ (​ប្រហុក​សៀមរាប​) ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ហើយ​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​យ៉ាង​ល្អប្រសើរ​។
​ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ជួយ​ធ្វើ​ទីផ្សារ​ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​កែច្នៃ ជាពិសេស​ផលិតកម្ម​ចិញ្ចឹម​ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ឲ្យ​សិប្បកម្ម ហើយ​គួរ​ជួយ​រៀបចំ QR Code ដើម្បី​បង្ហាញ​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម អនាម័យ និង​ប្រភព ដែល​ផ្គ​ល់​ជំនឿ​ទុកចិត្ត​សម្រាប់​អ្នក​បរិភោគ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close