អាជីវករ សម្តែង​ការរីករាយ​នឹង​កន្លែង​លក់ដូរ​ថ្មី នៅ​ទីលាន​បដិសណ្ឋារកិច្ច​ប្រាសាទអង្គរវត្ត​

​ខេត្តសៀមរាប​៖ បន្ទាប់ពី​បើក​ឱ្យ​ដំណើរការ​លក់ដូរ​នៅ​ទីតាំង​ថ្មី​នៅក្នុង​ទីលាន​បដិសណ្ឋារកិច្ច​នៃ​ប្រាសាទអង្គរវត្ត តាំងពីដើម​ខែកញ្ញា ឆ្នាំ​២០២០​មក អាជីវ​ករលក់​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ សម្លៀកបំពាក់ និង​ភេសជ្ជៈ បាន​សម្តែង​ការរីករាយ​ដែល​បាន​ចូលមក​កាន់​ទីតាំង​ថ្មី ដែលមាន​បរិស្ថាន​ល្អ កន្លែង​លក់ដូរ​ស្អាត និង​មាន​អនាម័យ​ជាង​មុន​។​

​អ្នកស្រី ស៊​ត់ អាជីវ​ករលក់​ម្ហូបអាហារ បានចាប់ផ្តើម​លក់​នា​ពាក់កណ្តាល​ខែកញ្ញា បានលើកឡើង​ចំពោះ ទីតាំង​ថ្មី​ថា នៅទីនេះ​មាន​ភាពងាយស្រួល​ជាង​មុន ទាំង​ការលក់ដូរ មានទឹក មាន​ភ្លើង កន្លែង​ស្អាត មាន​អនាម័យ ទុកដាក់​សម្ភារ​មាន​វត្ថិ​ភាព និង​មិនបាច់​ចំណាយ​កម្លាំង​ហត់នឿយ​ក្នុងការ​រៀបចំ​កន្លែង​។ អ្នកស្រី បាន​ថ្លែង​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានរៀបចំ​ពី​កន្លែង​មិន​ស្អាត មក​កន្លែង​ដែលមាន​អនាម័យ បរិស្ថាន​ល្អ​។ អ្នកស្រី​សង្ឃឹមថា ពេល​ចប់​ជំងឺ​កូ​វីដ​១៩ នឹងមាន​ភ្ញៀវ​មកលេង​ច្រើន​និង​ការលក់ដូរ​បាន​ដាច់​ស្រួល​។​

​ជា​អាជីវករ​លក់ដូរ​សម្លៀក​បំពាក់​និង​វត្ថុ​អនុស្សាវរីយ៍​ជិត​២០​ឆ្នាំ​មកហើយ អ្នកស្រី គីម សុខ​រី​ន បានមក​លក់​កន្លែង​ថ្មី​នៅ​អំឡុង​ខែកញ្ញា​ដែរ បានឱ្យដឹងថា តូប​ថ្មី​តូច​ជាង​មុន​បន្តិច​មែន តែ​គ្មាន​ដី​ហុយ មិន​ធ្វើឱ្យ​ប្រឡាក់​សម្លៀកបំពាក់​និង​វត្ថុ​អនុស្សាវរីយ៍​ដូច​កន្លែងចាស់ ងាយស្រួល​ក្នុងការ​លក់ដូរ មាន​អនាម័យ ការ​ទុកដាក់​អីវ៉ាន់​ក៏​ស្រួល មាន​សុវត្ថិភាព មាន​សន្តិសុខ ទឹក​ភ្លើង​។ អ្នកស្រី​ពេញចិត្ត​ណាស់​ចំពោះ​ទីតាំង​ថ្មី និង​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​រៀបចំ​កន្លែង​លក់ដូរ​ស្អាត បរិស្ថាន​ល្អ និង​ការកែលម្អ​ផ្សេងៗ​នៅ​អង្គរវត្ត​យ៉ាង​ស្រស់បំព្រង​។​

​ចាប់​អាជីព​ជា​អ្នកលក់​គុយទាវ​ជាង​២០​ឆ្នាំ​មកហើយ​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត អ្នកស្រី ចា ក៏​សប្បាយរីករាយ​ដែល​បាន​មកកាន់​ទីតាំង​ថ្មី ជា​កន្លែង​ស្អាត រៀបចំ​បានល្អ មាន​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជាង​កន្លែងចាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close