ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង​៣៨​លាន​នាក់​ហើយ​

តាម​គេហទំព័រ worldometers.info បាន​ផ្សាយ​ថា គិតដល់​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ទៅ​38.029.249 នាក់ និង​ស្លាប់ 1.085.092 ។ ចំណែក​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ក៏បាន​កើនឡើង​ដល់​ទៅជិត​២៩​លាន​នាក់​ផងដែរ​។​

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ករណី​ឆ្លង​កើនឡើង​ខ្ពស់​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី ក្នុងនោះ​មាន​ប្រទេស​តំបន់​អាស៊ាន​ផងដែរ ដែលមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន​ម៉ា​ជាដើម​។ ជាមួយគ្នានេះដែរ ថៃ ក៏បាន​សម្រេច រិត​បន្តឹង​ការ​ត្រួ​ពិ​និត្យនៅ​ខេត្ត​ចំនួន​១០ តាម​បណ្តោយ​ព្រំដែន​ជាប់​មី​យ៉ាន​ម៉ា​។​

ក្នុងពេលដែល​ប្រទេស មួយចំនួន​ក្នុង​តំបន់​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់ ប្រទេស​ថៃ​ក៏បាន​រិត​បន្តឹង ការធ្វើដំណើរ នៅតាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​មី​យ៉ាន​ម៉ាន​។ សន្តិសុខ​នៅតាម​ច្រកទ្វារព្រំដែន​ខេត្ត​ចំនួន​១០​របស់​ថៃ ត្រូវបាន​រិត​បន្តឹង ក្រោយ​រកឃើញ​មាន​ពលរដ្ឋ​មី​យ៉ាន​ម៉ា ៣​នាក់ ទៅកាន់​ប្រទេស​ថៃ ឆ្លងកាត់​ស្រុក Mae Sot​ខេត្ត​Tak រកឃើញ​ឆ្លង​កូ​វីដ​១៩​។​

​បណ្តា​ខេត្ត​ដែល​ត្រូវ​រិត​បន្តឹង​សន្តិសុខ​នោះ​គឺ ខេត្ត Kanchanaburi, Chumphon, Chiang Rai, Chiang Mai, Tak, Prachuap Khiri Khan, Phetchaburi, Mae Hong Son, Ranong និង Ratchaburi​។​
​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ថៃ លោក Chatchai Phromlert បាន​ឲ្យ​ដឹងថា បានប្រគល់​តួនាទី ដល់​ចៅហ្វាយខេត្ត​ក្នុងការ​តាមដាន​ស្ថានភាព នឹង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ ។ ក្រុម​សន្តិសុខ​យាម​ត្បា​ត​តាម​បណ្តោយ​ព្រំដែន​ត្រូវបាន​រិត​បន្តឹង ទប់ស្កាត់​ការឆ្លង​ចូល​ពី​មី​យ៉ាន​ម៉ា​ខុសច្បាប់ ហើយ​នាំ​ទាំង​វីរុស​កូ​វីដ​១៩ ចូល​ថៃ​។ បច្ចុប្បន្ន មី​យ៉ាន​ម៉ា​មាន​ករណី​ឆ្លង​ថ្មី​កើនឡើង​ខ្ពស់បំផុត​។​

​ពាក់ព័ន្ធ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ វិញ គិតដល់​ថ្ងៃទី​១២​ខែតុលា ថៃ​រកឃើញ​មាន​ករណី​ឆ្លង​ថ្មី ៥​នាក់ ក្នុងនោះ​មាន​៣​នាក់ ជា​មនុស្ស​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក និង​ពីរ​នាក់​រកឃើញ​នៅក្នុង​អាកាសយានដ្ឋាន អន្តរជាតិ​សុវណ្ណ​ភូមិ (Suvarnabhumi)​។ ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ថៃ បាន​កើន​ឡើងដល់​ទៅ 3.641 និង​ស្លាប់​59​នាក់ ប៉ុណ្ណោះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close