ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរ​ ការ​អគារ​រដ្ឋបាល​មូល​ដ្ឋា​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា មុននឹង​ឈានទៅដល់​ការកសាង​អគារ​រដ្ឋបាល​ខណ្ឌ ដូនពេញ និង​ខណ្ឌ ៧​មករា បាន​ផ្តើមចេញពី​ការជួសជុល​កែលំអ កសាង​ថ្មី ហេ​ដ្ឋា​រចនា​សម្ពន្ធ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់​ក្នុង​រយៈកាល​កន្លងមក និង​យក​ជា​គំរូ កែលំអ កសាង​ថ្មី នៅតាម​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​ទាំង ១៤ ឱ្យមាន​ការឯកភាព​គ្នា​តាម​គំរូ និង​ស្ទង់​ដា​តែមួយ​។

​មានមតិ​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ រក្សា​ស្ថេរភាព​នយោបាយ ប្រឆាំង​ទប់ស្កាត់​រាល់​ឧបាយកល​ប៉ុនប៉ង​បង្ក​វិទ្ធង្សនា បដិវត្ត​ពណ៌ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ រក្សា​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​បាន​ខិតខំ​កសាង​នូវ​សំណង់ អគារ​រដ្ឋបាល​កន្លែង​ធ្វើការ​បាន​សមរម្យ​និង​មាន​ស្ទង់​ដា​តែមួយ​។

​ក្នុង​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មានប្រសាសន៍ថា អគារ​នេះ​និង​ដើរតួនាទី យ៉ាងសំខាន់​សម្រាប់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ក៏ដូចជា​កងរាជអាវុធហត្ថ​រាជធានី​ភ្ន​ពេញ ស្នាក់នៅ ធ្វើការ ដើម្បី​រួមជាមួយ​និង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ប្រតិបត្តិ​នូវ​តួនាទី ភារកិច្ច ក្នុងការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ ពង្រឹង​ការអនុវត្ត​ច្បាប់ កសាង​នីតិរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ថ្លែង​នូវ​អំណរគុណ ឯកឧត្តម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ សាលាខណ្ឌ​ដូនពេញ ដែល​បានផ្តល់​ទីតាំង​និង​គាំទ្រ​ដល់​ដំណើរ​សាងសង់ និង​ថ្លែង​នូវ​ការកោតសរសើរ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដែល​បាន​ដឹកនាំ​កៀងគរ​ចលនា​សប្បុរសជន ប្រមូល​មូ​លិ​ធិ​សម្រាប់​ដំណើរការ ការសាងសង់​សំណង់​នេះ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន ដែល​បាន​បរិច្ចាក​ថវិកា ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន ជួយឧបត្ថម្ភ ធ្វើអោយ​សំណង់​មួយ​នេះ បានកកើតឡើង​ជា​រូបរាង​ពិតប្រាកដ ព្រមទាំង​ជូនពរ​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ទាំងអស់​សូម​ប្រកបដោយ សុខភាព​ល្អ បរិបូរ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​ចំ​រ៉ុង​ចំរើន​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បន្តថា ដើម្បី​អនុវត្ត​តួនាទី ភារកិច្ច មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានដាក់​ចេញ​នូវ​កិច្ចការ​អាទិភាព ៧ ធ្វើជា​មូលដ្ឋាន​សម្រាប់ធ្វើ​សកម្មភាព ១. ការហូបចុក ២. ស្លៀកពាក់ ៣. ការសាងសង់​សំណង់​អគារ​សម្រាប់​ស្នាក់នៅ ធ្វើការ រៀនសូត្រ ៤. ការថែទាំ​សុខភាព ៥. ការ​អប់រ​រំ ហ្វឹកហ្វឺន​និង​រៀនសូត្រ ៦. ការធានា​មធ្យោបាយ​ធ្វើដំណើរ ឧបករណ៍ សម្ភារៈ គ្រឿង​បំពាក់ និង​៧. កំសាន្ត លំហែរ និង​គោលនយោបាយ​សរសើរ លើកទឹកចិត្ត ព្រមទាំង​ដោះស្រាយ​នៅពេល​ជួប​ទុក្ខលំបាក​។ ពិធី​ដែល​កំពុង​ដែល​ប្រារព្ធ​នាពេលនេះ ស្ថិតនៅក្នុង​ការងារ​អា​ទិ​ភាព​ទី​៣ ដូច្នេះ​គ្មាន​ការងារ​ដែល​កងរាជអាវុធហត្ថ ធ្វើ​ហើយ​គ្មាន​ផែនការ ឬ​គ្មាន​ការគិត​ទុកជាមុន​នោះទេ​។

​ជាមួយគ្នានេះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ បាន​រំលឹក​ដល់​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ក៏ដូចជា កងរាជអាវុធហត្ថ​ទូទាំងប្រទេស ១. ទំរាំ​កសាង​នូវ​អគារ​មួយ​នេះ​ឡើង ពិតជា​លំបាក ចំណាយពេល​វេលា​និង​ថវិកា ដោយមាន​ការចូលរួម​ជាច្រើន​ប្រភព សូម​អស់លោក​យកចិត្តទុកដាក់​ថែទាំ និង​ប្រើប្រាស់​បានយូរ​អង្វែង ២.​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ថែមទៀត ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច ពិសេស​ត្រូវ​តាមដាន​និង​ក្តាប់ជាប់​នូវ​ពត៌មាន​ប្រែប្រួល ការងារ​អប់រំ ពង្រឹង​ការងារ​នីតិវិធី ធ្វើជា​គំរូ​ល្អ​ក្នុង​ការគោរពវិន័យ​ក​ង​ទ័ព គំរូ​ក្នុងការ​ប្រតិបត្តិ​ច្បាប់ ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប្តេជ្ញា​ការពារ​ដាច់ខាត ច្បាប់រដ្ឋធម្មនុញ្ញ ៣.​ទោះបី​កម្ពុជា ការពារ​បាន​នូវ​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ត្រូវ​បន្ត​គោរព​នូវ​វិធាន​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ តប​តាម​ការ​ក្រើនរំលឹក​របស់ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បន្ត​អនុវត្ត​អាវុធហត្ថ​ម្នាក់ៗ សុវត្ថិភាព បន្ទាយ​សុវត្ថិភាព គ្រួសារ​សុវត្ថិភាព សង្គម​ទាំងមូល​សុវត្ថិភាព ៤.​យកចិត្តទុកដាក់​ចុះបញ្ជី​ដីធ្លី​និង​ធ្វើ​បណ្ណ​សំគាល់​អចលនទ្រព្យ តាម​ការណែនាំ​របស់​ក្រសួងការពារជាតិ និង​៥.

​បន្ត​អនុវត្ត​នូវ​ពាក្យស្លោក ជួយ​គិត ជួយ​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ និង​ទិស​ស្លោក ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​។ ដើម្បី​រួមចំណែក​ក្នុងការ​ចំណាយ​សាងសង់​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ចលនា​រក​ការគាំទ្រ​ថវិកា​ចំនួន ដប់​ម៉ឺន​ដុល្លារ ដើម្បី​រួមចំណែក​ក្នុង​ការកសាង​នៅថ្ងៃនេះ​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close