អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការហើយ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរៀបចំធ្វើពិធីតាមទំនៀមទម្លាប់ព្រះសាសនា និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីរៀបចំដាក់ឲ្យដំណើរការជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ដែលការងារពង្រីក និងជួសជុលផ្លូវរត់ បានបញ្ចប់ជាស្ថាពរហើយ អាចឲ្យយន្តហោះប្រភេទធំៗ ចុះចតបាន។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាន៍ថា សមិទ្ធិផលនេះបានឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងកំណើននៃអ្នកធ្វើដំណើរតាមជើងហោះហើរ ពីបណ្តាប្រទេសនានាមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។
ចំណែក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដែរថា ការរីកចំរើនខាងវិសយ័អាកាសចរណ៍នេះ នឹងបំពេញបន្ថែមបម្រើដល់ការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ថវិកាកសាងផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀតក្នុងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។