លោក​ទេសរដ្ឋមន្ត្រី គន់ គីម បន្ត​ចុះ​ពិនិត្យ​ការ​ជន់​លិច និង​សង្គ្រោះ​ពលរដ្ឋ នៅ​ខេត្ត​ភាគ​ពាយព្យ​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុងនាម​ជា​អ្នកប្រតិបត្តិ​ការ​លើ​សម​រ​ភូមិ​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ បាន​បន្ត​បេសកកម្មរ​ចុះ​ទៅតាម​បណ្តា​ខេត្ត​ភាគ​ពាយព្យ ដើម្បី​ពិនិត្យ​ស្ថានភាព​ជន់​លិច និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​។ តាម​ការគ្រោង​ទុក្ខ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​រងគ្រោះ​ដោយ​ទឹក ជំនន់​នាពេលនេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម នឹង​ចុះទៅ​កាន់​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ទឹកជំនន់​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​គ្រួសារ ប្រជាពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឹ​ន​ខ្នង​រង​ការ​ជន់​លិច និង​ខូចខាត ៣០​ខ្នង​។ ទឹកជំនន់​នេះ ធ្វើឱ្យ​លិច​ផលដំណាំ​ប្រជា​ពល រដ្ឋ​ជាង ១២​ម៉ឺន​ហិកតា​។ ក្នុងនោះ​ស្រូវ​ជិត ៨​ម៉ឺន​ហិកតា និង​ដំណាំ​ផ្សេងៗ​ជាង ៤​ម៉ឺន​ហិកតា​។ ក្រៅពី​ផលដំណាំ​ទឹកជំនន់​នេះ បាន​បំផ្លាញ​ផ្លូវ និង​ស្ពាន​ជាច្រើន​ផងដែរ​។​ ​រឿង​ដែល​សោកស្តាយ​ខ្លាំង​នោះ ទឹកជំនន់​នេះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ ១០​នាក់​ស្លាប់បាត់​បង់ជីវិត និង​ពីរ​នាក់​បាន​រងរបួស​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​សម្តែង​ការសោកស្តាយ​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។ លោក​ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដើម្បី​ហានិភ័យ និង​គ្រោះថ្នាក់​ផ្សេងៗ បណ្តាលមកពី​ទឹកជំនន់​នេះ​។ ទន្ទឹមនេះ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាម​សេនាធិការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អគ្គមេបញ្ជាការ​កំពូល​លើ​សមរភូមិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ ចេញ​ជួយ​ពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា និង​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close