ក្រសួងកសិកម្ម ណែនាំពីការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញ នៃផលិតកម្មកសិកម្ម
ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញថា ស្ថានភាពអាកាសធាតុមានការប្រែប្រួល ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅទូទាំងប្រទេស ដែលធ្វើឱ្យតំបន់មួយចំនួន ទទួលរងនូវបាតុភូតគ្រោះធម្មជាតិបង្កឡើងដោយទឹកជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ និងខេត្តភាគខាងជើងប្រទេស។ ស្ថានភាពនេះ បានធ្វើឱ្យខូចខាតជារូបវន្ត ខាតបង់ថវិកា ប៉ះពាល់លើសេដ្ឋកិច្ច សង្គម និងជីវភាពប្រជាពលរដ្ឋ ជាពិសេសបង្កឱ្យមានការខូចខាតជាយថាហេតុ ដល់ដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។
ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលប្រជាពលរដ្ឋបាននឹងកំពុងជួបប្រទះ និងការធ្វើឱ្យប្រសើរឡើងក្នុងការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដូចខាងក្រោម៖
ទី១៖ គ្រប់អង្គភាពក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវចូលរួមសម្របសម្រួល និងធ្វើប្រតិបត្តិការ ឆ្លើយតបគ្រោះអាសន្ន និងការស្តារឡើងវិញជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ពិសេសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់វិធានការបញ្ចៀស បង្ការ និងទប់ស្កាត់ការខូចខាតដែលបណ្តាលមក ពីគ្រោះទឹកជំនន់តាមលទ្ធភាពជាក់ស្តែង ព្រមទាំងធ្វើការស្តារឡើងវិញឱ្យបានប្រសើរជាងមុនប្រកបដោយប្រសិទ្ធភាព ដើម្បីភាពធន់ទៅនឹងមុខសញ្ញាគ្រោះថ្នាក់នានា ក្នុងបរិបទនៃហានិភ័យគ្រោះមហន្តរាយកើនឡើង។
ទី២៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវពិនិត្យ តាមដាន និងវាយតម្លៃផលប៉ះពាល់នៃការខូចខាតដំណាំ និងត្រៀមលក្ខណៈបញ្ចេញគ្រាប់ពូជស្រូវ និងពូជដំណាំផ្សេងៗ ពីសន្និធិនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់កិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញ តាមស្ថានភាពជាក់ស្តែង។
ទី៣៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវសម្របសម្រួលកិច្ចសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ភាគីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់មន្ត្រីជំនាញឱ្យត្រៀមប្រចាំការនៅកន្លែងទីទួលសុវត្ថិភាព ដើម្បីពិនិត្យសុខភាពសត្វ ចាត់វិធានការបស៊ីពេទ្យ ធានាបង្ការ ការពារជំងឺសត្វ និងការផ្តល់ចំណីសត្វ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវត្រៀមថ្នាំការពារ ព្យាបាល សម្ភារបសុព្យាបាលចំណីសត្វ ឱ្យបានគ្រប់គ្រាន់ និងត្រៀមទីទួលខ្ពស់មិនលិចទឹក ដើម្បីជម្លៀសសត្វដែលកំពុងរងគ្រោះដោយទឹកជំនន់ និងសង្គ្រោះសត្វ។
ទី៤៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវតាមដានជាប្រចាំនូវស្ថានភាពទឹកជំនន់ ត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាបណ្តើរ ដើម្បីទទួលបានតួលេខពិតប្រាកដដោយក្តាប់ឱ្យបានទីតាំង និងស្ថានភាពភូមិសាស្ត្រដែលមានលទ្ធភាពអាចស្តារនូវការខូចខាតបាន។
ទី៥៖ គ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទក្រសួងត្រូវបង្កើនយុទ្ធនាការជំរុញការដាំដុះដំណាំរយៈពេលខ្លី ការចិញ្ចឹមសត្វ និងការងារវារីវប្បកម្ម នៅតាមបណ្តាខេត្តដែលបាននឹងកំពុងរងផលប៉ះពាល់ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
ទី៦៖ នាយកកម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាត្រូវសហការ និងពនឿនការអនុវត្តកម្មវិធី ឬគម្រោងនានា ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់នៅតាមបណ្តាខេត្តគោលដៅរបស់ខ្លួន។
និងទី៧៖ ត្រូវរាយការណ៍អំពីផលប៉ះពាល់ និងបញ្ហាប្រឈមមកក្រសួងឱ្យបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។