សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ផ្តល់​ថវិកា ៣០០​លាន​រៀល ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ចំនួន​៣ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​

ភ្នំពេញ៖ ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា​ចំនួន ៣០០​លាន​រៀល ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ចំនួន​៣ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​នីមួយៗ ទទួលបាន​ថវិកា ១០០​លាន​រៀល ដើម្បី​ចាត់ចែង​ទិញ​គ្រឿង​ឧបភោគបរិភោគ​រួមមាន អង្ករ មី ត្រីខ និង​ទឹកស៊ីអ៊ីវ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់​ឱ្យ​មន្ត្រី​ទីស្នាក់ការ​កណ្តាល ចុះទៅ​ប្រចាំការ​បំពេញការងារ​ផ្ទាល់​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។ ដោយឡែក សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គឺ​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ដឹកនាំ​ប្រតិបត្តិការ​ដោយផ្ទាល់​តែម្តង​។​

​ក្នុងស្ថានភាព​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ កាកបាទក្រហមកម្ពុជា ក្នុងនាម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ រួមជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់​នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។

ក្រៅពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់ទី​ទួល​សុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន​ឬ​អាហារ​ដែល​ចម្អិន​បានល្អ ជៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close