ទប់ស្កាត់​មហា​បាតុកម្ម ថៃ​ចាប់ខ្លួន​សកម្មជន​ប្រឆាំង​ជាច្រើនរូប​

​សកម្មជន​នយោបាយ ជាច្រើនរូប​ត្រូវបាន​កម្លាំង​សន្តិសុខ ថៃ​ចាប់ខ្លួន ដោយសារតែ​បាន​ឡើង​គម្រោង​ធ្វើ​មហា​បាតុកម្ម នៅ​ទីក្រុង​បាងកក់​ប្រឆាំង​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​។​

​តាម​សារព័ត៌មាន Channel news Asia បាន​ផ្សាយ​នៅ​ថ្ងៃទី​១៤​ខែតុលា​ថា ប៉ូលិស​នៅក្នុង​ប្រទេស​ថៃ បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ​ជាច្រើន​នាក់ ដែលមាន​គម្រោង​បោះតង់​នៅឯ​ទីលាន សម្រាប់​ការធ្វើ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ត្រូវ​បានគ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ការចាប់ខ្លួន​សកម្មជន​នយោបាយ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​១៣​ខែតុលា បន្ទាប់ពី​ប៉ូលិស​ថៃ​បានចាប់ផ្ដើម​រុះរើ​តង់​របស់​ក្រុមបាតុករ ដែល​បានធ្វើ​ដំណើរ​មកពី​តាម​ខេត្ត​នានា មកកាន់​ទីក្រុង​បាងកក​។ កំឡុង​ប្រតិបត្តិ​ការរុះរើ​តង់​នេះ ក៏មាន​ការប៉ះទង្គិច​គ្នា​ផងដែរ​រវាង​ក្រុមបាតុករ និង​ប៉ូលិស​ដែល​បាន​អះអាងថា ពួកគេ​បានស្នើ​ឱ្យ​រុះរើ​តង់​តែ​ក្រុមបាតុករ​មិន​ព្រម​។​

​គួរ​បញ្ជាក់ថា មកទល់ពេលនេះ​មិនទាន់​មានការ​បញ្ជាក់ថា តើ​បាតុករ​ប៉ុន្មាន​នាក់​ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះទេ ខណៈ​ក្រុមបាតុករ​ផ្សេងៗ​ទៀត គ្រោង​នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឱ្យមាន​កំណែទម្រង់​នៃ​រដ្ឋាភិបាល និង​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង ស្រប​ពេលដែល​បាតុករ​ខ្លះទៀត បាន​ស្រែក​ទាមទារ​ឱ្យមាន​ការកែទម្រង់​រប​ប​រាជានិយម​ថៃ​បច្ចុប្បន្ន ដែល​ពួកគេ​យល់ថា បានផ្ដល់​អំណាច​ហួសហេតុ​ដល់​ព្រះមហាក្សត្រ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close