ជីវភាព​ក្រ​ពេក​! យក​ដំឡូង​មី​ស្ងោរ​ហូប ពុល​មួយ​គ្រួសារ ស្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់ នៅ​ស្រុក​សំពៅ​លូន

​ខេត្តបាត់ដំបង​៖ ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ហូប​ដំឡូង​មី​។​ ​ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣ រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ក្នុងភូមិ​អូរ​កាច់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ស្ត្រី​ជា​ម្តាយ​ឈ្មោះ រិ​ក ណៃ និយាយថា ដោយសារ​ជីវភាព​ខ្វះខាត គាត់​និង​កូនតូចៗ​៥​នាក់​ទៀត បាន​យក​ដំឡូង​មី​មក​ស្ងោរ និង​ហូប​ជាមួយគ្នា លុះ​មួយសន្ទុះ​ក្រោយ គាត់​មាន​អារម្មណ៍​ប្លែក​នៅក្នុង​ខ្លួន ប៉ុន្តែ​មិន​ចាប់អារម្មណ៍ ហើយក៏​នាំ​កូនៗ​ទាំងអស់​ចូល​សម្រាក​។ លុះ​រហូតដល់​វេលា​ម៉ោង​៣ ទៀបភ្លឺ ថ្ងៃទី​១៣ ខែតុលា គាត់​មាន​អារម្មណ៍​ស្រៀវ​ទឹកមាត់ និង​រោយ​ថ្គាម​តិចតួច ចំណែក​កូន​របស់គាត់​ចំនួន ៥​នាក់​ទៀត ក៏បាន​ចាប់ផ្តើម​មាន​អាកា​រៈ​ក្អួតចង្អោរ​ខ្លាំង​ទៅៗ រហូតដល់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យ តែ​ក្នុងចំណោម​កូន​គាត់​ម្នាក់ បាន​ពុល​រហូតដល់​ស្លាប់ ដោយសារ​កម្លាំង​ខ្សោយ និង​ទំនង​ហូប​ដំឡូង​ស្ងោរ​ច្រើនជាងគេ​។​

​ក្មេង​ជនរងគ្រោះ​ខាងលើ ទី​១-​ឈ្មោះ សោម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ពុល​ស្រាល​), ទី​២.​ឈ្មោះ ចាន់នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ពុល​ស្រាល​), ទី​៣.​ឈ្មោះ ទីណា ភេទ​ស្រី អាយុ​១១​ឆ្នាំ (​ពុល​ស្រាល​), ទី​៤.​ឈ្មោះ ឆាំ ភី​ម ភេទ​ស្រី អាយុ​៧​ឆ្នាំ (​ពុល​ធ្ងន់ធ្ងរ​) និង​ទី​៥.​ឈ្មោះ ឆាំ ណាន ភេទ​ប្រុស អាយុ​៤​ឆ្នាំ (​ស្លាប់​)​។​

​ករណីនេះ អ្នកស្រី រិ​ក ណៃ ត្រូវជា​ម្តាយ​ក្មេងប្រុស​រងគ្រោះ ក៏បាន​អំពាវនាវ​ទៅដល់​អាជ្ញាធរ និង​សប្បុរសជន​នានា ចុះជួយ​ដល់​គ្រួសារ​របស់គាត់​ផង ព្រោះ​ប​ច្ច​ប្បន្ន​ស្ថានភាព​ក្នុង​គ្រួសារ​កំពុងតែ​ជួប​នូវ​សភាព​ទីទាល់ក្រ​ខ្លាំងណាស់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close